ល្បិចថ្មី! រៀបផែនការលែងលះ

  • ធ្នូ 07, 2022

កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានទទួលពាក្យបណ្ដឹងពីជនរងគ្រោះឈ្មោះ ពេន ចាន់ថា បានប្ដឹងបាត់ប្រពន្ធរបស់ខ្លួនឈ្មោះ រី ចន្ថា ដោយទទួលដំណឹងថាត្រូវបានគេចាប់បង្ខាំង​ ចាប់រំលោភ និងគម្រាមសម្លាប់។ ក្រោយពីបានទទួលបណ្ដឹងភ្លាម នាយកដ្ឋានបានបើកការស្រាវជ្រាវបន្ទាន់ដោយប្រើរយៈពេល ០៣ថ្ងៃ ដោយរកឃើញថា ជារឿងប្រឌិត ការពិតប្រពន្ធរបស់គាត់មិនត្រូវបានគេបង្ខាំង​ចាប់ទុករំលោភបូក ធ្វើទារុណកម្ម និងគំរាមសម្លាប់នោះទេ។ រឿងដែលកើតមាននេះគឺជា ផែនការរបស់សាមីខ្លួនដែលប្រឌិតរឿងនេះឡើងដើម្បីគេចពីក្រុមគ្រួសារ និងប្ដី ដែលខ្លួនបានស្នើសុំលែងលះគ្នាជាច្រើនដង។


ដោយមានការសហការជាមួយ កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ សមត្ថកិច្ចបានរកឃើញជនរងគ្រោះនៅផ្ទះមិត្តភក្ដិ​ដែលរាប់អានគ្នា។ ជាចុងក្រោយ​នាយកដ្ឋាន​បាន​ធ្វើ​ការ​ណែ​នាំ​អប់​រំ​ ពី​ការ​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​សន្តិសុខ​សណ្តាប់​ធ្នាប់​សង្គម​ ហើយសាមីខ្លួនបានទទួលស្គាល់កំហុសរបស់ខ្លួន ព្រមទាំងធ្វើការសុំទោសជាលាយល័ក្ខណ៍អក្សរចំពោះសមត្ថកិច្ចដោយសន្យាថា នឹងមិនឱ្យមានករណីបែបនេះកើតឡើងជាលើកទី២ទៀតទេ៕