ចូលរួមទាំងអស់គ្នា! ដើម្បីធ្វើឱ្យសុខភាពរបស់យើងកាន់តែល្អ

  • កញ្ញា 29, 2022

នៅព្រឹកថ្ងៃសៅរ៍ ១០ រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២  កម្មវិធីយុវជនជើងឯកអាហារូបត្ថម្ភ ពាក់កណ្តាលម៉ារ៉ាតុន ត្រូវបានសហការរៀបចំដោយ ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ជាមួយអង្គការ GIZ អង្គការHKI អង្គការ World Vision អង្គការ WFP អង្គការ UNICEF អង្គការ Plan យុវជន YNC និង សហព័ន្ធខ្មែរកីឡាអត្តពលកម្មស្ម័គ្រចិត្ត ដែលមានអ្នកចូលរួមប្រមាណ ១០០០នាក់។ នាក្នុងឱកាសនោះ ផងដែរ ឯកឧត្តម សុខ ស៊ីឡូ អគ្គលេខាធិការក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បានថ្លែងបើកកម្មវិធីកម្មវិធីយុវជនជើងឯកអាហារូបត្ថម្ភ ពាក់កណ្តាលម៉ារ៉ាតុនក្រោមប្រធានបទ“ហាត់ប្រាណទៀងទាត់ និងបរិភោគអាហារចម្រុះមុខជាប្រចាំ នាំមកនូវសុខភាពល្អ”  ឯកឧត្តម អគ្គលេខាធិការបានជម្រាបជូនដល់អ្នកចូលរួមអំពីគោលបំណងសំខាន់នៃការរៀបចំកម្មវិធីយុវជនជើងឯកអាហារូបត្ថម្ភពាក់កណ្តាលម៉ារ៉ាតុន គឺដើម្បី (១) ផ្តល់ឱកាសឱ្យយុវជនចូលរួមក្នុងការហាត់ប្រាណប្រកបដោយភាពសប្បាយរីករាយ និងលើកកម្ពស់ការយល់ដឹងក្នុងចំណោមយុវជនអំពីសារ:សំខាន់នៃការធ្វើឱ្យរាងកាយរបស់យើងមានភាពសកម្មនិងការអនុវត្តន៍របបអាហារសុខភាពឲ្យបានទៀងទាត់ក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ។ (២) បណ្តុះស្មារតីយុវជនឲ្យចេះចែករំលែកចំណេះដឹង និងសារគន្លឹះសំខាន់ៗ ស្តីពីរបបអាហារសុខភាព និងភាពសកម្មខាងរាងកាយដល់មិត្តភក្តិ និងសហគមន៍។


នៅក្នុងសុន្ទរកថារបស់ ឯកឧត្ដម អគ្គលេខាធិការក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បានបញ្ជាក់ផងដែរថា ការហាត់ប្រាណ និងការទទួលទានរបបអាហារសុខភាពជាប្រចាំ មានសារៈសំខាន់ណាស់សម្រាប់សុខភាពរបស់់យើង។ ការសម្រេចបាននូវការកាត់បន្ថយបរិមាណកាឡូរីតាមរយៈការផ្លាស់ប្តូរវិជ្ជមាននូវរបបអាហារគឺជាគន្លឹះសម្រាប់ការទប់មិនឲ្យរាងកាយយើងឡើងទម្ងន់ខ្លាំង ដែលនាំឱ្យមានហានិភ័យខ្ពស់ដល់សុខភាព ខណៈដែលការហាត់ប្រាណទៀងទាត់ផ្តល់នូវអត្ថប្រយោជន៍ជាច្រើនដែលជួយទ្រទ្រង់លទ្ធផលសុខភាពល្អប្រសើរទាំងនេះ ឲ្យមានចីរភាពក្នុងរយ:ពេលយូរ។ ការសិក្សាជាច្រើនបានបង្ហាញថា នៅពេលដែលរាងកាយយើងមានភាពសកម្មជាប្រចាំ រួមជាមួយនឹងការអនុវត្តន៍របបអាហារសុខភាពបានទៀងទាត់ អាចជួយកាត់បន្ថយហានិភ័យនៃជំងឺបេះដូង, ជំងឺលើសឈាម, លើសជាតិស្ករនិងខ្លាញ់, ជួយបង្កើនសាច់ដុំរាងកាយ, និងធ្វើឱ្យសុខភាពផ្លូវកាយនិងសុខភាពផ្លូវចិត្តរបស់យើងម្នាក់ៗមានលក្ខណ:ប្រសើរឡើង។ អង្គការសុខភាពពិភពលោកក៏បានបញ្ជាក់ថា ការហាត់ប្រាណបានទៀងទាត់អាចជួយការពារនិងគ្រប់គ្រងជំងឺទឹកនោមផ្អែម, ជំងឺបេះដូង, ជំងឺមហារីក និងជំងឺផ្សេងៗទៀតបានយ៉ាងល្អ។ ការធ្វើឲ្យរាងកាយយើងមានភាពសកម្មភាពក៏អាចកាត់បន្ថយជំងឺបាក់ទឹកចិត្ត និងការថប់បារម្ភ ព្រមទាំងពង្រឹងស្មារតី, បង្កើនលទ្ធភាពរៀនសូត្រ ប្រសិទ្ឋភាពការងារនិងលើកកម្ពស់សុខុមាលភាពទូទៅរបស់យើង។

ដើម្បីសុខភាព និងសុខុមាលភាពល្អប្រសើរ អង្គការសុខភាពពិភលោកបានណែនាំថា មនុស្សពេញវ័យម្នាក់គួរហាត់ប្រាណដោយការដើរ, ការស្រោចទឹកដំណាំ, ការលេងកីឡា, ការធ្វើចលនាខ្លួនប្រាណក្នុងពេលកំពុងអង្គុយមើលទូរទស្សន៏និងកម្មវិធីផ្សងៗ ការដើរឡើងជណ្ដើរជាដើម ឲ្យបានយ៉ាងហោចណាស់ពី១៥០ ទៅ៣០០នាទីក្នុងមួយសប្តាហ៍ ហើយសម្រាប់កុមារ និងយុវវ័យគួរធ្វើឲ្យរាងកាយមានសកម្មភាព ឬហាត់ប្រាណយ៉ាងហោចណាស់បានរយៈពេល៦០នាទីក្នុង១មួយថ្ងៃ។ ទោះបីមានភស្តុតាងវិទ្យាសាស្ត្រជាច្រើន បានបង្ហាញពីគុណតម្លៃនៃការហាត់ប្រាណនិងការធ្វើឲ្យរាងកាយមានភាពសកម្មក៏ដោយ ក៏មានមនុស្សពេញវ័យ២៧,៥% និងមនុស្សវ័យជំទង់៨១% នៅលើពិភពលោកមិនបានអនុវត្តតាមអនុសាសន៍ និងគោលការណ៏ណែនាំរបស់អង្គការសុខភាពពិភពលោកឆ្នាំ២០១០ក្នុងការធ្វើឲ្យរាងកាយមានភាពសកម្មជាប្រចាំ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពឡើយ។ ការហាត់ប្រាណ ឬធ្វើឲ្យរាងកាយសកម្មជាប្រចាំ អាចឲ្យពិភពលោកទប់ស្កាត់មរណភាពប្រជាជនបានពី៤ទៅ៥លាននាក់ក្នុងមួយឆ្នាំៗ។ ឥរិយាបថមិនល្អដូចជាការអង្គុយធ្វើការក្នុងការិយាល័យយូរពេកអាចបង្កើនហានិភ័យដល់សុខភាពធ្ងន់ធ្ងរជាច្រើន។ ការកំណត់បាននូវតុល្យភាពនៃការអង្គុយធ្វើការ, ពេលសម្រាកគ្មានសកម្មភាព និងការធ្វើសកម្មភាពរាងកាយ គឺជាទម្លាប់ល្អសម្រាប់សុខភាពរបស់យើង។