ម្ហូបតាមដងផ្លូវ! ត្រូវគិតពីសុវត្ថិភាពអាហារជាចម្បង

  • កញ្ញា 29, 2022

សិក្ខាសាលាស្តីពីការអនុវត្តអនាម័យល្អរបស់អាជីវករលក់ដូរម្ហូបអាហារតាមដងវិថី ត្រូវបានរៀបចំឡើងនៅខេត្តកំពង់ធំ ដោយអង្គការ GIZ/ MUSEFO, Mount Saint Vincent University ដែលបានសហការជាមួយក្រុមប្រឹក្សាស្តារអភិវឌ្ឍន៏វិស័យកសិកម្មនិងជនបទ និងរដ្ឋបាលខេត្តកំពង់ធំ។ សិក្ខាសាលានេះមានគោលបំណងបង្កើនការយល់ដឹងអំពីបញ្ហាសុវត្ថិភាពម្ហូបអាហារ និងពង្រឹងកិច្ចសហប្រតិបត្តិការនិងការអនុវត្តល្អរបស់អាជីវករលក់ដូរម្ហូបអាហារតាមដងវិថី ដើម្បីរួមគ្នាលើកកម្ពស់សុវត្ថិភាពម្ហូបអាហារនៅកម្ពុជា។

នៅក្នុងសុន្ទរកថារបស់ ឯកឧត្តម សុខ ស៊ីឡូ អគ្គលេខាធិការនៃក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ បានបញ្ជាក់ផងដែរថា អាហារដែលមានសុវត្ថិភាព មានសារៈសំខាន់ខ្លាំងណាស់ចំពោះសុខភាព និងសុខុមាលភាពរបស់មនុស្សយើង។ អាហារគ្មានសុវត្ថិភាពបង្កការគំរាមកំហែងដល់សុខភាពសាធារណៈ ដែលបង្កគ្រោះថ្នាក់ដល់មនុស្សគ្រប់រូបដែលប្រើប្រាស់និងទទួលទានអាហារទាំងនោះ។ ទារក កុមារតូច ស្ត្រីមានផ្ទៃពោះ មនុស្សចាស់ និងអ្នកដែលមានជំងឺប្រចាំកាយ គឺជាអ្នកងាយរងគ្រោះដោយសារបញ្ហាសុវត្ថិភាពម្ហូបអាហារ។ ម្ហូបអាហារគ្មានសុវត្ថិភាព គឺជាមូលហេតុបណ្តាលឱ្យមានជំងឺជាច្រើន ដូចជា៖ជំងឺមិនឆ្លង និងជំងឺឆ្លង និងបានបង្កើតវដ្តដ៏កាចសាហាវនៃបញ្ហាកង្វះអាហារូបត្ថម្ភ ដែលគំរាមកំហែងដល់ស្ថានភាពសន្តិសុខស្បៀង និងអាហារូបត្ថម្ភរបស់អ្នកដែលងាយរងគ្រោះបំផុត។ សុវត្ថិភាពចំណីអាហារ គឺជាការទទួលខុសត្រូវរួមគ្នារបស់យើងទាំងអស់គ្នា។ ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងជាសកលពីជំងឺបង្កឡើងដោយម្ហូបអាហារ រដ្ឋាភិបាល ឧស្សាហកម្មម្ហូបអាហារ អាជីវករលក់ដូរម្ហូបអាហារ និងបុគ្គលគ្រប់រូប ត្រូវធ្វើការងារបន្ថែមទៀតដើម្បីធ្វើឱ្យម្ហូបអាហារមានសុវត្ថិភាពនិងទប់ស្កាត់ការចម្លងរោគ តាមរយៈការអប់រំ បណ្តុះបណ្តាល ផ្សព្វផ្សាយ អំពីការអនុវត្តល្អ និងការការពារជំងឺបង្កឡើងដោយម្ហូបអាហារ ក្នុងចំណោមអ្នកផលិតម្ហូបអាហារ អ្នកផ្គត់ផ្គង់ អាជីវករលក់ដូរ អ្នករៀបចំទុកដាក់ អ្នកបរិភោគនិងសាធារណៈជនទូទៅ។

សូមបញ្ជាក់ផងដែរថារាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវចក្ខុវិស័យស្តីពីប្រព័ន្ធស្បៀងប្រកបដោយចីរភាពនៅកម្ពុជា ត្រឹមឆ្នាំ២០៣០ ប្រជាពលរដ្ឋកម្ពុជានឹងទទួលបានរបបអាហារសុខភាព និងអាហារប្រកបដោយសុវត្ថិភាព ដោយមានការយកចិត្តទុកដាក់ជាចម្បងលើស្ត្រីនិងកុមារ ដើម្បីបំបែកវដ្តអន្តរជំនាន់នៃបញ្ហាអាហារូបត្ថម្ភ និងឆ្លើយតបទៅនឹងដំណើរការប្រែប្រួលអាហារូបត្ថម្ភ។ ដោយមើលឃើញពីសារសំខាន់ គុណតំលៃនិងភាពចាំបាច់ក្នុងការលើកកម្ពស់សន្តិសុខស្បៀង សុវត្ថិភាពស្បៀង និងប្រព័ន្ធស្បៀង ទើបរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ បានដាក់ចេញ យុទ្ធសាស្ត្រជាតិស្ដីពីសន្តិសុខស្បៀង និង អាហារូបត្ថម្ភលើកទី២ឆ្នាំ២០១៩-២០២៣ និង ផែនទីបង្ហាញផ្លូវសម្រាប់ប្រព័ន្ធស្បៀងប្រកបដោយចីរភាពឆ្នាំ២០៣០ ព្រមទាំងរៀបចំផែនការសកម្មភាពនិងយុទ្ឋសាស្ត្រតាមវិស័យនានា ក្នុងគោលបំណងធ្វើការអន្តរាគមន៍ ដើម្បី “បញ្ចប់ភាពអត់ឃ្លាន សម្រេចឱ្យបានសន្តិសុខស្បៀង ធ្វើឱ្យប្រសើរឡើងស្ថានភាពអាហារូបត្ថម្ភ និងលើកកម្ពស់កសិកម្មប្រកបដោយចីរភាព” សំដៅលើកកម្ពស់មូលធនមនុស្ស បង្កើនផលិតភាពការងារ និងជំរុញកំណើនសេដ្ឋកិច្ច ។