ពុទ្ធិថ្មី! និស្សិតសាកលវិទ្យាល័យភូមិន្ទកសិកម្មទទួលបានចំណេះដឹងស្តីពីសុវត្ថិភាពចំណីអាហារ

  • ឧសភា 25, 2022

នៅព្រឹកថ្ងៃអង្គារ ១៣កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ នៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម វេទិកាយុវជនស្តីពី “សុវត្ថិភាពចំណីអាហារ” ត្រូវបានបានរៀបចំឡើង ក្រោមអធិបតីភាពឯកឧត្តម សុខ ស៊ីឡូ អគ្គលេខាធិការក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិម្ម និងជនបទ ដោយមានការគាំទ្រពីអង្គការ HKI និងគម្រោង MUSEFO របស់អង្គការ GIZ និងមាននិស្សិតចូលរួមប្រមាណជាង ១០០ នាក់។ គោលបំណងនៃវេទិកានេះ (១) បង្កើនការយល់ដឹងជាមូលដ្ឋានលើទិដ្ឋភាពទូទៅនៃសុវត្ថិភាពចំណីអាហារ (២) ផ្តល់វេទិកាដល់យុវជនដើម្បីចែករំលែកចំណេះដឹង បទពិសោធន៍ និងមតិយោបល់លើសុវត្ថិភាពចំណីអាហារ (៣) ពិភាក្សាពីតួនាទីសក្តានុពលរបស់យុវជនក្នុងការចូលរួមផ្សព្វផ្សាយសារគន្លឹះលើសុវត្ថិភាពចំណីអាហារ (៤) ណែនាំយុវជនពីឱកាសក្លាយជាយុវជនជើងឯកអាហារូបត្ថម្ភ (៥) ឧទ្ទេសនាមគម្រោងយុវជនជើងឯកអាហារូបត្ថម្ភលើសមិទ្ធផល បញ្ហាប្រឈម និងជំហានបន្ទាប់។

នៅក្នុងសុន្ទរកថារបស់ឯកឧត្តមអគ្គលេខាធិការ បានបញ្ជាក់ផងដែរថា អាហារគ្មានសុវត្ថិភាពបង្កការគំរាមកំហែងដល់សុខភាពជាសាកល ដែលបង្កគ្រោះថ្នាក់ដល់មនុស្សគ្រប់រូប។ ទារក កុមារតូច ស្ត្រីមានផ្ទៃពោះ មនុស្សចាស់ និងអ្នកដែលមានជំងឺគឺងាយរងគ្រោះជាមួយនឹងបញ្ហាសុវត្ថិភាពម្ហូបអាហារ។ អង្គការសុខភាពពិភពលោកបានបញ្ជាក់ថា៖ ជារៀងរាល់ឆ្នាំកុមារ ២២០ លាននាក់កើតជំងឺរាករូសហើយ ៩៦,០០០នាក់ បានស្លាប់ដោយបញ្ញាសុវត្ថិភាពម្ហូបអាហារអាហារ។ ចំណីអាហារគ្មានសុវត្ថិភាពបានបង្កើតវដ្តដ៏កាច សាហាវនៃជំងឺរាករូសនិងកង្វះអាហារូបត្ថម្ភ ដែលគំរាមកំហែងដល់ស្ថានភាពអាហារូបត្ថម្ភរបស់អ្នកដែលងាយរងគ្រោះបំផុត។ សន្និសីទអន្តរជាតិស្តីពីសុវត្ថិភាពម្ហូបអាហារដែលបានធ្វើឡើងនៅទីក្រុង Addis Ababa ក្នុងខែកុម្ភៈ ឆ្នាំ ២០១៩ និងវេទិកាអន្តរជាតិស្តីពីសុវត្ថិភាពម្ហូបអាហារ និងពាណិជ្ជកម្មដែលបានធ្វើឡើងនៅទីក្រុងហ្សឺណែវក្នុងឆ្នាំ២០១៩ បានរំលឹកឡើងវិញពីសារៈសំខាន់នៃសុវត្ថិភាពម្ហូបអាហារក្នុងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ កិច្ចប្រជុំទាំងពីរនេះ បានស្នើរឲ្យរដ្ឋាភិបាលទាំងអស់ យកចិត្តទុកដាក់ធ្វើឱ្យសុវត្ថិភាពម្ហូបអាហារក្លាយជាអាទិភាពសុខភាពសាធារណៈ និងស្នើសុំឲ្យរដ្ឋាភិបាលដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតគោលនយោបាយនិងក្របខ័ណ្ឌបទប្បញ្ញត្តិ ព្រមទាំងបង្កើតនិងអនុវត្តប្រព័ន្ធសុវត្ថិភាពម្ហូបអាហារប្រកបដោយប្រសិទ្ធភាពដើម្បីធានាបាននូវសុវត្ថិភាពម្ហូបអាហារសម្រាប់អ្នកទទួលទានទាំងអស់គ្នា។

អាហារក្នុងចានរបស់យើងមានឥទ្ធិពលខ្លាំងណាស់ចំពោះសុខភាពយើង។ យើងទាំងអស់គ្នាប្រាថ្នាចង់បានអាហារដែលមានគុណភាពនិងសុវត្ថិភាពដើម្បីធានាបាននូវសុខភាពល្អ។ ប៉ុន្តែអាហារអាចក្លាយទៅជាវត្ថុកខ្វក់ ឬមានជាតិពុលដោយសារតែមានសារធាតុគីមីហួសកម្រិត ដែលធ្វើឱ្យបាត់បង់សុវត្ថិភាពនៅចំណុចណាមួយនៃការ ផលិត ការកែឆ្នៃនិងការចែកចាយ និងការរក្សាទុក។ ការទទួលខុសត្រូវចម្បងគឺស្ថិតនៅលើអ្នកផលិតនិងកែឆ្នៃអាហារនេះឯង។ នៅក្នុងប្រទេសកម្ពុជា ប្រជាជនទូទៅរួមទាំងយុវជនផងដែរ មានការព្រួយបារម្ភខ្លាំងពីសុវត្តិភាពម្ហូបអាហារ ហើយតែងតែពិភាក្សាពីបញ្ហាបន្លែនិងផ្លែឈើ ព្រមទាំងផលិតផលអាហារមួយចំនូនទៀត នៅលើទីផ្សារមានសារធាតុគីមីដែលអាចធ្វើឲ្យប៉ះពាល់ដល់សុខភាព។ នៅឆ្នាំ២០១៩ វិទ្យាស្ថានកម្ពុជាសម្រាប់ការស្រាវជ្រាវនិងអភិវឌ្ឍន៍ជនបទបានរកឃើញថា៖ មានអ្នកចូលរួមសម្ភាសន៍ចំនួន៩៧%បាននិយាយថាអាហារដែលមានលក់នៅលើទីផ្សារពុំមានសុវត្ថិភាពគ្រប់គ្រាន់ទេ។ អ្នកចូលរួមសម្ភាសន៍ជាង៥០%បាននិយាយថាពួកគេមានបទពិសោធន៏ចុកច្អល់ និងឈឺពោះបន្ទាប់ពីទទួលទានអាហារដែលបានទិញមកពីផ្សារ។ អ្នកចូលរួមសម្ភាសន៍ជាង៥០%ក៏បាននិយាយថាពួកគេចង់ឲ្យមានការពង្រឹងលើការអនុវត្តន៍ច្បាប់ ឬបទបញ្ញត្តិនានា ពាក់ព័ន្ធនឹងសុវត្ថិភាពម្ហូបអាហារ និងច្បាប់ការពារអ្នកប្រើប្រាស់ឲ្យបានម៉ឺងម៉ាត់និងមានប្រសិទ្ធភាពខ្ពស់ដើម្បីធានាបានសុខមាភាពដល់អ្នកទទួលទាន។

របាយការណ៍របស់ការិយាល័យសុវត្ថិភាពចំណីអាហារនៃនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសម្អាងរបស់ក្រសួងសុខាភិបាលបង្ហាញថា ចាប់តាំងពីឆ្នាំ២០១៥ ដល់ឆ្នាំ២០២១ មានមនុស្ស១១៩នាក់ បានស្លាប់ក្នុងករណីពុលចំណីអាហារនិងមានអ្នករងគ្រោះសរុបមានចំនួន៤,៦៩៩នាក់។ នៅពេលកន្លងទៅថ្មីៗនេះក៏មានរបាយការណ៏ជាបន្តបន្ទាប់របស់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំនៃក្រសួងពាណិជ្ជកម្ម និងក្រសួងសុខាភិបាលដែលបានបង្ហាញពីបញ្ហាទឹកដោះគោម្សៅផ្សំតាមរូបមន្តដែលមានកម្រិតជាតិដែកនិងជាតិសង្គ័សីទាបខ្លាំងហើយបណ្តាលឲ្យទារកជាច្រើនមានបញ្ហាកង្វះជាតិដែកធ្ងន់ធ្ងន់ធ្ងរព្រមទាំងចូលមន្ទីរពេទ្យ។ បន្ថែមលើនេះ ក្នុងរយៈពេលប៉ុន្មានថ្ងៃមុននេះ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការប្រមូលត្រឡប់ពីទីផ្សារមកវិញនូវផលិតផលទឹកដោះគោឈ្មោះ Alimentum, EleCare និង Human Milk Fortifier ដែលសង្ស័យថាមានមេរោគឈ្មោះ ក្រូណូបាក់ទែរ សាកាហ្សាគី (Cronobacter Sakazakii) និង សាលម៉ូណែលឡា (Salmonella) ក្នុងខ្សែសង្វាក់ផលិតកម្ម។ ម្យ៉ាងទៀតការសិក្សារបស់កម្មវិធីស្បៀងអាហារពិភពលោកនិងអង្គការ HKI កាលពីពេលថ្មីៗនេះ បានបង្ហាញថា អាហារដែលបានដាក់លក់តាមសាលាបឋមសិក្សាមួយចំនួនមិនមានអនាម័យ និងមានជាតិស្ករ អំបិល និងជាតិខ្លាញ់ខ្ពស់ ព្រមទាំងមានសារជាតិចិញ្ចឹមទាបដែលអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពសិស្សានុសិស្ស។ យើងឃើញសារព័ត៌មានចុះផ្សាយពីការបង្រា្កបលើផលិតផលអាហារដែលគ្មានសុវត្តិភាពសម្រាប់អ្នកទទួលទានជាច្រើនករណី។


បញ្ហាខាងលើទាំងអស់នេះ បានបង្ហាញថាកម្ពុជាបាននិងកំពុងប្រឈមមុខជាខ្លាំងលើសុវត្ថិភាពម្ហូបអាហារដែលទាមទារឲ្យភាគីពាក់ព័ន្ធ ចូលរួមដោះស្រាយជាប្រព័ន្ធប្រកបដោយប្រសិទ្ធភាពខ្ពស់មួយ។ ថ្ងៃនេះជាឱកាសដ៏ល្អមួយដែលភាគីពាក់ព័ន្ធសុវត្ថិភាពម្ហូបអាហារទាំងអស់ រួមទាំងយុវជនបានមកជួបជុំគ្នាដើម្បីពិភាក្សាលើប្រធានបទដ៏សំខាន់នេះ។ លើសពីនេះ ក៏មានវត្តមាន ឯកឧត្តម លោកជំទាវ លោក លោកស្រី យុវជនជាច្រើននាក់កំពុងចូលរួមវេទិកានេះ តាមប្រព័ន្ធ Zoom ផងដែរ។ យើងនឹងមានកិច្ចពិភាក្សាដែលផ្តោតសំខាន់លើតួនាទី គោលនយោបាយ សកម្មភាពដែលបានអនុវត្តកន្លងមក អាទិភាពនិងផែនការសកម្មភាពភាពបន្តពាក់ពន្ធ័នឹងសុវត្ថិភាពម្ហូបអាហារដែលជាចំណុចចាប់អារម្មណ៍ក្នុងពេលបច្ចុប្បន្ននេះ។ លើសពីនេះ អ្នកចូលរួមទាំងអស់រួមទាំងះ្នកសារព័ត៌មាននឹងមានឱកាសក្នុងការសួរសំណួរទៅកានវាគ្មិនរបស់យើងលើចម្ងល់ទាំងឡាយដែលខ្លួនមាន។ សុវត្ថិភាពម្ហូបអាហារបានដើរតួនាទីយ៉ាងសំខាន់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់យើង។ សុវត្ថិភាពម្ហូបអាហារនេះក៏មានការពាក់ពន្ធ័ដោយផ្ទាល់លើប្រព័ន្ធស្បៀងគឺចាប់ពីដំណាក់កាលផលិតកម្ម ការកែច្នៃ ការចែកចាយនិងរក្សាទុក រហូតដល់ការរៀបចំនិងការបរិភោគអាហារ ពោលគឺចាប់ពីកសិដ្ឋានរហូតដល់តុបាយ។ ស្ថិតនៅក្នុងស្ថានភាពដ៏លំបាកនៃការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩នេះ ការពង្រឹងប្រព័ន្ធស្បៀង ដើម្បីសុវត្ថិភាពចំណីអាហារនិងរបបអាហារសុខភាពកាន់តែមានសារៈសំខាន់ ដែលតម្រូវឱ្យគ្រប់តួអង្គពាក់ព័ន្ធទាំងអស់យកចិត្តទុកដាក់ខ្ពស់ក្នុងការធ្វើឱ្យប្រព័ន្ធស្បៀងកាន់តែរឹងមាំ ផ្តល់នូវសន្តិសុខស្បៀងនិងអាហារូបត្ថម្ភសម្រាប់មនុស្សគ្រប់រូប មានភាពធន់នឹងបម្រែបម្រួលអាកាសធាតុ និងមានចីរភាពបរិស្ថាន ចីរភាពសង្គម និងចីរភាពសេដ្ឋកិច្ច សម្រាប់មនុស្ស ភពផែនដី និងវិបុលភាព។