ផ្តើមគិត! សន្តិសុខស្បៀងនិងអាហារូបត្ថម្ភនៅមូលដ្ឋាន

  • កញ្ញា 29, 2022

កិច្ចប្រជុំក្រុមគ្រូបង្គោលថ្នាក់ជាតិសម្រាប់ការ បណ្តុះបណ្តាលសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ត្រូវបានរៀបចំឡើងដោយ ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ចូលរួមសហការ និងឧបត្ថម្ភគាំទ្រដោយអង្គការ GIZ /MUSEFO  ក្រោមអធិបតីភាព ឯកឧត្តម សំ សារ៉ាត អនុប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ។  កិច្ចប្រជុំនាថ្ងៃនេះមានគោលបំណងសំខាន់ ៖ (១) ពិនិត្យ និងសម្រេចឯកសារជំនួយស្មារតីសម្រាប់ក្រុមគ្រូបង្គោលថ្នាក់ជាតិត្រៀមចុះបណ្តុះបណ្តាលស្តីពីការបញ្ជ្រាបការងារសន្តិសុខស្បៀងនិងអាហារូបត្ថម្ភក្នុងដំណើរការកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគឃុំ សង្កាត់ប្រកបដោយបរិយាបន្នសង្គម។ (២) ជ្រើសរើសក្រុមគ្រូបង្គោលដើម្បីបណ្តុះបណ្តាលដល់ក្រុមប្រឹក្សាឃុំ សង្កាត់ទើបជាប់ឆ្នោតថ្មី និងរៀបចំផែនការបណ្តុះបណ្តាលបង្កើនចំណេះដឹងដល់ក្រុមគ្រូបង្គោលថ្នាក់ជាតិទាំងនោះ ដើម្បីផ្ទេរចំណេះដឹងទៅដល់អ្នកពាក់ព័ន្ធ និងក្រុមប្រឹក្សាឃុំ សង្កាត់ទើបជាប់ឆ្នោតថ្មី។ (៣) ពិភាក្សាអំពីផែនការចុះបណ្តុះបណ្តាលការងារសន្តិសុខស្បៀងនិងអាហារូបត្ថម្ភទៅដល់ក្រុមប្រឹក្សាឃុំ សង្កាត់ទើបជាប់ឆ្នោតថ្មីនៅទូទាំងប្រទេស។

រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលស្គាល់ថាសន្តិសុខស្បៀងនិងអាហារូបត្ថម្ភ គឺជាសិទ្ធិមូលដ្ឋានរបស់បុគ្គលម្នាក់ៗ នៅក្នុងសង្គមកម្ពុជា ដូចមានចែងនៅក្នុងសេចក្តីថ្លែងការណ៍ជាសកលស្តីពីសិទ្ធិមនុស្សនិងសន្ធិសញ្ញាអន្តរជាតិស្តីពីសេដ្ឋកិច្ច សង្គម និង វប្បធម៌ ដែលកម្ពុជា បានផ្តល់សច្ចាប័ន។ រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់អាទិភាពខ្ពស់ និងចាត់ទុកវិស័យសន្តិសុខស្បៀងនិងអាហារូបត្ថម្ភជាបញ្ហាអន្តរ វិស័យមួយដ៏មានសារៈសំខាន់ ក្នុងការចូលរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្ស សេដ្ឋកិច្ច ភាពចម្រុងចម្រើននៃសង្គមជាតិ និងសមធម៌សង្គម។ ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ បានប្រព្រឹត្តទៅដោយរលូនដូចការគ្រោងទុក ហើយប្រជាជនជាង៨០%បានទៅបោះឆ្នោតសម្តែងឆន្ទះរបស់ខ្លួនគួរឲ្យកត់សម្គាល់។ ផ្អែកតាមលទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នីមួយៗ នឹងត្រូវចូលកាន់តំណែងក្នុងរយៈពេលយ៉ាងយូរ១៤ថ្ងៃបន្ទាប់ពីការប្រកាសលទ្ធផលជាផ្លូវការនៃការបោះឆ្នោតដោយ គ.ជ.ប កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២។ ក្រសួងមហាផ្ទៃកំពុងត្រៀមរៀបចំវគ្គបណ្តុះបណ្តាលតម្រង់ទិសដល់សមាជិកក្រុមប្រឹក្សាដែលទើបជាប់ឆ្នោតថ្មី ដើម្បីឱ្យសមាជិកក្រុមប្រឹក្សាមកពីគណបក្សនយោបាយផ្សេងៗគ្នាសហការរួមគ្នានៅក្នុងក្រុមប្រឹក្សារបស់ខ្លួនបន្តជំរុញកំណែទម្រង់អភិបាលកិច្ចតាមបែបប្រជាធិបតេយ្យ និងវិមជ្ឍការនៅមូលដ្ឋានសំដៅលើកកម្ពស់ការផ្តល់សេវា និងការអភិវឌ្ឍមូលដ្ឋាន ស្របតាមតម្រូវការរបស់ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោតតាមឃុំសង្កាត់។ ក្នុងឱកាសនេះ ក្រុមគ្រូបង្គោលថ្នាក់ជាតិសម្រាប់ការបណ្តុះបណ្តាលស្តីពីសន្តិសុខស្បៀងនិងអាហារូបត្ថម្ភនៃក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ សហការជាមួយក្រុមការងារដឹកនាំសម្របសម្រួលវិស័យសន្តិសុខស្បៀងនិងអាហារូបត្ថម្ភខេត្ត រដ្ឋបាលសាលាខេត្ត រដ្ឋបាលសាលាស្រុក សមាជិកក្រុមប្រឹក្សាឃុំ និងដៃគូអភិវឌ្ឍន៏ បានសម្របសម្រួលត្រៀមបង្កើតវគ្គបណ្តុះបណ្តាលសន្តិសុខស្បៀង និងអាហារូបត្ថម្ភដល់សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់នៅទូទាំងប្រទេសទៅតាមស្រុក ក្រុងគោលដៅ។

ការបញ្ជ្រាបការងារសន្តិសុខស្បៀងនិងអាហារូបត្ថម្ភ ក្នុងដំណើរការកសាងផែនការ អភិវឌ្ឍន៍ និងកម្មវិធីវិនិយោគ ឃុំ សង្កាត់ ប្រកបដោយបរិយាបន្នសង្គមនេះ បានបង្ហាញពីវិធីសាស្រ្តដែលសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ត្រូវបានដាក់បញ្ចូលទៅក្នុងដំណើរការរៀបចំផែនការអភិវឌ្ឍន៍ និងវិនិយោគរបស់ក្រុមប្រឹក្សាឃុំ សង្កាត់។ ឯកសារនេះផ្តល់ឱ្យជាឧបករណ៍ ដើម្បីបញ្ជ្រាបដល់អ្នកចូលរួមអំពីសារៈសំខាន់នៃសន្តិសុខស្បៀង និងអាហារូបត្ថម្ភសម្រាប់ការអភិវឌ្ឍន៍ដ្ឋាន និងជំរុញឱ្យពួកគាត់ចេះវិភាគ និងចាត់អាទិភាពវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភនៅថ្នាក់ឃុំ សង្កាត់។ ឯកសារនេះផ្តល់នូវលំហាត់ល្អៗ ស្តីពីរបៀបក្នុងការរៀបចំផែនការ និងថវិកាសម្រាប់អន្តរាគមន៍សន្តិសុខស្បៀង និងអាហារូបត្ថម្ភ ដែលដឹកនាំដោយឃុំ សង្កាត់ ក្នុងអំឡុងពេលដំណើរការរៀបចំផែនការអភិវឌ្ឍន៍ឃុំ សង្កាត់ (CDP) និងការរៀបចំកម្មវិធីវិនិយោគឃុំ សង្កាត់ ៣ ឆ្នាំរំកិល (CIP) ដើម្បីជួយទៅដល់ក្រុមប្រឹក្សាឃុំ សង្កាត់អំពីសារសំខាន់នៃការដាក់បញ្ចូលសន្តិសុខស្បៀង និងអាហារូបត្ថម្ភសម្រាប់ការអភិវឌ្ឍសហគមន៍របស់ខ្លួន និងផ្តល់ឱ្យពួកគាត់នូវឧបករណ៍នានាដើម្បីដាក់បញ្ចូលសកម្មភាពសន្តិសុខស្បៀង និងអាហារូបត្ថម្ភក្នុងដំណើរការប្រជុំធ្វើការសម្រេចចិត្ត CDP និង CIP ឱ្យបានល្អ។