ប្រកាស! សាលាដីកា លោក ខៀវ សំផន

  • កញ្ញា 29, 2022

អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) ឬហៅថាតុលាការខ្មែរក្រហម ប្រកាសសាលាដីកាជុំវិញបណ្តឹងសាទុក្ខអតីតប្រមុខរដ្ឋ នៃរបបប្រជាធិបតេយ្យកម្ពុជា លោក ខៀវ សំផន ក្នុងសំណុំរឿង ០០២/០២ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២។ នៅក្នុងសាលក្រមនេះផងដែរ តុលាការប្រកាសដាក់ពន្ធាគារ លោក ខៀវ សំផន អស់មួយជីវិត។

លោក ខៀវ សំផន បានទទួលអាហារូបករណ៍ទៅសិក្សានៅប្រទេសបារាំងក្នុងឆ្នាំ១៩៥៥ ហើយបានបោះពុម្ពផ្សាយនិក្ខេបបទថ្នាក់បណ្ឌិតរបស់ខ្លួនអំពី “ការអភិវឌ្ឍសេដ្ឋកិច្ចនិង ឧស្សាហកម្មនៅកម្ពុជា”។ បន្ទាប់ពីវិលត្រលប់មកប្រទេសកម្ពុជាវិញ លោក ខៀវ សំផន បានក្លាយទៅជាសាស្ត្រាចារ្យបន្ទាប់មកត្រូវបានតែងតាំងជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មនៅឆ្នាំ១៩៦២ ក្នុងរបប សង្គមរាស្រ្តនិយម។ លោក ខៀវ សំផន បានរត់ទៅលាក់ខ្លួននៅក្នុងព្រៃនៅឆ្នាំ១៩៦៧ ដោយមានការគំរាមកំហែងពីកងកម្លាំងសន្តិសុខរបស់សម្តេច សីហនុ ហើយលេចមុខជាថ្មី ជាមួយចលនាតស៊ូរបស់់ខ្មែរក្រហមនៅដើមទសវត្សរ៍ឆ្នាំ១៩៧០។

នៅឆ្នាំ១៩៧៦ គាត់ត្រូវបានតែងតាំងជាប្រមុខរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យ។ នៅឆ្នាំ១៩៨៧ គាត់បាន ជំនួសតំណែង ប៉ុល ពត ជាក្បាលម៉ាស៊ីនដឹកនាំរបស់ខ្មែរក្រហម ហើយនៅ ឆ្នាំ១៩៨៩ គាត់បានធ្វើជាតំណាងកម្ពុជាក្នុងសន្និសីទអន្តរជាតិស្តីពីកម្ពុជានៅទីក្រុងប៉ារីស។ បន្ទាប់ពីចុះចូលជាមួយរដ្ឋាភិបាលកម្ពុជាក្នុងឆ្នាំ១៩៩៨ គាត់បានចាកចេញពីចលនា ខ្មែរក្រហម និងរស់នៅក្នុងខេត្តប៉ៃលិនរហូតដល់ពេលត្រូវបានចាប់និងឃុំខ្លួននៅ អ.វ.ត.ក នៅខែវិច្ឆិកា ឆ្នាំ២០០៧។