បំភ្លឺ! ករណីជនបរទេសដែលត្រូវបានបោកបញ្ឆោតមកធ្វើការដោយខុសច្បាប់នៅកម្ពុជា

  • កញ្ញា 29, 2022

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីបំភ្លឺពាក់ព័ន្ធទៅនឹងរបាយការណ៍មួយចំនួនទាក់ទងនឹងករណីជនបរទេសដែលត្រូវបានល្បង/បោក បញ្ឆោតឲ្យមកធ្វើការដោយខុសច្បាប់នៅកម្ពុជា ជាពិសេសអំពី “ភាពធ្ងន់ធ្ងរ “ នៃបញ្ហានេះ និង “ស្ថានភាពដ៏អាក្រក់” ដែលជនរងគ្រោះទទួលរងហើយដែលធ្វើឲ្យប៉ះពាល់ដល់មុខមាត់កម្ពុជា ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរមានសមត្ថកិច្ចដើម្បីជួយសង្គ្រោះជនរងគ្រោះ ក្នុងការ ប្រយុទ្ធប្រឆាំងយ៉ាងស្វិតស្វាញនឹងឧក្រិដ្ឋកម្មឆ្លងដែននេះ ដែលបាននិងកំពុងកើតឡើងនៅគ្រប់ទីកន្លែងក្នុងពិភពលោក អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមបង្ហាញ ជូនជ្រុងម្ខាងទៀតនៃរឿងរ៉ាវនេះ ដោយផ្អែកលើរបាយការណ៍នានាពីប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេស និងបរទេសមួយចំនួន។ នៅក្នុងខ្លឹមសាររបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ដូចតទៅ៖

១ ស្ថានភាពនៃការជួញដូរមនុស្សនៅកម្ពុជាមិនធ្ងន់ធ្ងរ និងអាក្រក់ដូចការលើកឡើងនោះទេ . អ្នកនាំពាក្យក្រសួងមហាផ្ទៃ៖ មានតែ១៩ករណីប៉ុណ្ណោះ ក្នុងចំណោមពាក្យបណ្តឹងចំនួន ១០៤ករណី ដែលជាប់ពាក់ព័ន្ធនឹងការបង្ខាំង និងជំរិតទារប្រាក់

សេចក្តីរាយការណ៍របស់សារព័ត៌មានហ្វេសញូស៍ (Fresh News) នៅថ្ងៃទី ០៤ កញ្ញា ២០២២៖

ឯកឧត្តម ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានឱ្យដឹងថា ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ អាជ្ញាធរ មានសមត្ថកិច្ចកម្ពុជា បានបើកប្រតិបត្តិការចុះត្រួតពិនិត្យលើបណ្តឹងចំនួន១០៤ករណី ដោយបានសង្គ្រោះមនុស្ស ចំនួន៩៦៨នាក់ និងបានឃាត់ខ្លួនជនសង្ស័យ៨២នាក់ ប៉ុន្តែក្នុងនោះមានតែ១៩ករណី ប៉ុណ្ណោះ ដែលជាករណីបង្ខាំង និងជំរិតទារប្រាក់។ រីឯករណីក្រៅពីនេះ អាជ្ញាធរមានសមត្ថកិច្ច រកឃើញថា ជាករណីវិវាទការងារ ទំនាស់កិច្ចសន្យាការរឹតត្បិតសេរីភាព ផ្លាស់ប្តូរកន្លែង ធ្វើការងារផ្ទុយពីឆន្ទៈ ជំពាក់ប្រាក់ក្រុមហ៊ុន ឬគេចវេសមិនសង មិនពេញចិត្តស្ថានភាពរស់នៅ និងស្ថានភាពការងារ និងសាច់ញាតិព្រួយបារម្ភ ហើយប្តឹងសមត្ថកិច្ចឱ្យតាមរកជាដើម។

ខ. ប្រេសិតម៉ាឡេស៊ី លាតត្រដាងករណីដ៏ចម្លែកនៃជនរងគ្រោះពីការឆបោកការងារនៅកម្ពុជា ខាងក្រោមនេះគឺជាការដកស្រង់ចេញមួយចំនួនពីអត្ថបទរបស់ Fatimah Zainal ចុះផ្សាយក្នុង សារព័ត៌មាន The Star នៅថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ ២០២២ ៖

  •  “ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីប្រចាំកម្ពុជា ឯកឧត្តម Eldeen Husain Mohd Hashim មាន ប្រសាសន៍ថា ចាប់តាំងពីឆ្នាំ២០១៨មក ជនជាតិម៉ាឡេស៊ីជាង១០០នាក់ ដែលកំពុងធ្វើការ នៅក្នុងប្រទេសកម្ពុជា ត្រូវបានជួយសង្គ្រោះដោយស្ថានទូតម៉ាឡេស៊ីនៅភ្នំពេញ។
  • «វាមានទិដ្ឋភាពមួយផ្សេងទៀតនៃរឿងរាវនេះ។ ជនជាតិម៉ាឡេស៊ីមួយចំនួនបានបដិសេធ មិនទទួលការជួយសង្គ្រោះ ឬចាកចេញពីប្រទេសកម្ពុជា។
  • យើងបានជួយសង្គ្រោះមនុស្សជាច្រើនហើយ ក៏ប៉ុន្តែមានមនុស្សជាច្រើនមិនចង់ត្រឡប់ ទៅម៉ាឡេស៊ីវិញដែរ។ ខ្លះរត់ចេញពីផ្ទះ ខ្លះរត់គេចពីពួកចងការប្រាក់ (Ah Long)។
  • «ពេលខ្លះ ពួកគេមិនចង់ប្រាប់ការពិតដល់ឪពុកម្តាយរបស់ខ្លួន”។ ឯកឧត្តម Eldeen បាន | បន្តថា៖ “នៅពេលដែលឪពុកម្តាយរបស់ពួកគេមិនដឹងថាត្រូវធ្វើអ្វី ពួកគេបង្កើតរឿងថាកូន របស់ខ្លួនត្រូវបានគេចាប់ពង្រត់ ហើយត្រូវបានបង្ខំឱ្យធ្វើការ ប៉ុន្តែនៅពេលយើងបានទៅជួយ ពួកគេ ពួកគេបាននិយាយថា ពួកគេមិនចង់ត្រឡប់ទៅវិញទេ» ។
  • “ឯកឧត្តមឯកអគ្គរដ្ឋទូតបានមានប្រសាសន៍ថា ស្ថានទូតបានខិតខំយ៉ាងខ្លាំងលើបញ្ហានេះ ព្រោះស្ថានទូតយល់ពីអារម្មណ៍របស់ឪពុកម្តាយដែលនឹករលឹកដល់កូនៗរបស់ពួកគាត់។ «យើងកំពុងព្យាយាមយ៉ាងខ្លាំងដើម្បីជួយដល់ពួកគេ ប៉ុន្តែម្នាក់ៗសុទ្ធតែមានករណីជាក់ស្តែង រៀងៗខ្លួន។ ដោយលោកបានកត់សម្គាល់ថាឪពុកម្តាយ ដែលមានការខកចិត្តមានទំនោរ យកការខឹងសម្បារបស់ពួកគេទៅជំរាបសមាជិកសភា អ្នកតំណាងប្រចាំរដ្ឋ ឬសារព័ត៌មាន ទាំងខ្លួនមិនយល់ពីស្ថានភាពពិតប្រាកដ។ ”
  • “ជនជាតិម៉ាឡេស៊ីខ្លះចូលទៅកម្ពុជាដោយខុសច្បាប់តាមច្រកសម្ងាត់ (lorong tikus) និង ដោយគ្មានឯកសារធ្វើដំណើរ » ។ ប៉ុន្តែស្ថានទូតអាចស្នើសុំឲ្យអាជ្ញាធរ បញ្ជូនពួកគេចេញ ទៅវិញ ជំនួសឲ្យការដាក់ពន្ធនាគារ »។
  • “ចំពោះការអះអាងមួយចំនួនពីក្រុមគ្រួសារថា ជនជាតិម៉ាឡេស៊ីដែលកំពុងនៅក្នុងមណ្ឌល អន្តោប្រវេសន៍កម្ពុជា មិនបានទទួលអាហារត្រឹមត្រូវពីស្ថានទូត ឬការប្រឹក្សាផ្នែកច្បាប់នោះ ឯកឧត្តម Eldeen បានលើកឡើងថា ទាំងអស់នោះគឺជារឿងមិនពិតទាល់តែសោះ។ “ឯកឧត្តម Eldeen បានបន្ថែមថា ឯកឧត្តមបានទៅមើលមណ្ឌលអន្តោប្រវេសន៍ក្នុងខេត្ត ព្រះសីហនុដោយផ្ទាល់ និងបានឃើញថាអាហារត្រូវបានផ្គត់ផ្គង់ត្រឹមត្រូវតាមពេលវេលា ហើយការរស់នៅក៏មិនមានភាពចង្អៀតដែរ។ “ចំពោះការលើកឡើងថាមានជនជាតិម៉ាឡេស៊ីប្រហែលពី ៦០ ទៅ ៧០នាក់ នៅក្នុង មណ្ឌលនោះ តួលេខពិតប្រាកដ គឺទាបជាងនេះ។
  • “ឯកឧត្តម Eldeen បានបញ្ជាក់ថា ប្រតិបត្តិការជួយសង្គ្រោះជនជាតិម៉ាឡេស៊ី គឺអាច ប្រព្រឹត្តទៅបាន ដោយសារតែមានការសហការពីអាជ្ញាធរកម្ពុជា។
  • “អាជ្ញាធរកម្ពុជាកំពុងជួយយើងច្រើនណាស់។ ស្ថានទូតបាននិងកំពុងទាក់ទងជាមួយអាជ្ញាធរ កម្ពុជា ដើម្បីសង្គ្រោះជនជាតិម៉ាឡេស៊ីចេញពីកន្លែងដែលមានបញ្ហាទាំងនោះ។ -យើងក៏កំពុងទាក់ទងជាមួយស្ថានទូតផ្សេងទៀតដូចជាស្ថានទូតប្រទេសថៃ ហ្វីលីពីន និង ឥណ្ឌូនេស៊ីផងដែរ។ ឯកឧត្តមបានបន្តថា៖ “នេះគឺជាបេសកកម្មដែលត្រូវបានសំរបសំរួលគ្នា។យើងមានបញ្ហាដូចគ្នា ដូច្នេះយើងបាននិយាយជាមួយអាជ្ញាធរមានសមត្ថកិច្ចជាក្រុម។

– (សំគាល់៖ រឿងនេះក៏ត្រូវបានរាយការណ៍ផងដែរ ដោយសារព័ត៌មានខ្មែរថាមស៍ នៅថ្ងៃទី៥ កញ្ញា និង RFI នៅថ្ងៃទី៦ កញ្ញា)

២. មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ការចោទប្រកាន់ពីការវះយកសរីរាង្គខាងក្នុង និងការលក់ផ្នែក រាងកាយមនុស្ស ជារឿងប្រឌិត អត្ថបទដែលមានចំណងជើងថា “ការកុហកអំពីការលក់សរីរាង្គមនុស្ស៖ ក្រសួងច្រានចោល ការចោទប្រកាន់ពាក់ព័ន្ធទៅនឹងក្រុមទុច្ចរិតជួញដូរសរីរាង្គមនុស្ស” ដោយ លោក តាំង វីនិត (Taing Ririth) ចុះផ្សាយក្នុងសារព័ត៌មានខ្មែរថាមស៍ (Khmer Times) នៅថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ២០២២ បានលើកឡើងថា៖ “មន្ត្រីជាន់ខ្ពស់មួយរូបនៃក្រសួងមហាផ្ទៃ ទទួលបន្ទុកកិច្ចការប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរ មនុស្ស បានច្រានចោលកាលពីម្សិលមិញការចោទប្រកាន់របស់មន្ត្រីហុងកុងមួយរូប និងអ្នក កាសែតតៃវ៉ាន់ដែលថាអង្គការចាត់តាំងជួញដូរមនុស្សមួយចំនួននៅកម្ពុជា កំពុងធ្វើការវះយក សរីរាង្គខាងក្នុង និងលក់ផ្នែកនៃរាងកាយមនុស្សទៅឱ្យអ្នកមានទ្រព្យសម្បត្តិ នៅក្នុងទីផ្សារ ងងឹត។ ” “នៅពេលត្រូវបានទំនាក់ទំនងសាកសួរកាលពីម្សិលមិញដោយសារព័ត៌មានខ្មែរថាមស៍ លោកជំទាវ ជូ ប៊ុនអេង អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើ ជួញដូរមនុស្ស បានច្រានចោលការចោទប្រកាន់នេះ»។ “រហូតមកដល់ពេលនេះ មិនទាន់មានសូម្បីតែមួយករណីដែលក្រុមជួញដូរមនុស្សធ្វើការ វះកាត់យកសរីរាង្គពីជនរងគ្រោះទៅលក់។ រឿងទាំងនោះសុទ្ធតែ ជារឿងប្រឌិត ”។

លោកជំទាវ ជូ ប៊ុនអេង បានបន្ថែមថា ៖ “ការចោទប្រកាន់អំពីការវះកាត់យកសរីរាង្គ កើត មាននៅក្នុងប្រទេសកម្ពុជា គឺមិនមែនជារឿងថ្មីនោះទេ ”។ “សេណារីយ៉ូដែលត្រូវបានរាយ ការណ៍ដោយក្រុមមនុស្សទាំងនោះ ក៏ត្រូវបានរាយការណ៍ផងដែរនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែ របាយការណ៍ទាំងអស់នោះ គឺគ្មានអ្វីក្រៅពីការកុហកសម្រាប់បម្រើផលប្រយោជន៍ផ្ទាល់ខ្លួន របស់ជនរងគ្រោះក្លែងក្លាយនោះទេ”។

៣. កម្ពុជាកំពុងខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្សគ្រប់ទម្រង់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការ ជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានគូសបញ្ជាក់នៅក្នុងសេចក្តីអំពាវនាវ ចុះថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០២២ ថា៖ *គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានដាក់ចេញផែនការប្រតិបត្តិការ បង្កើន ការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់នៃអំពើជួញដូរមនុស្ស ពលកម្មបង្ខិតបង្ខំ និងអាជីវកម្មផ្លូវភេទ ព្រម ទាំងបានបង្កើត “គណៈបញ្ជាការដឹកនាំប្រតិបត្តិការ» មានភារកិច្ចដឹកនាំ និងបញ្ជាដោយផ្ទាល់នូវ ប្រតិបត្តិការបង្ក្រាប និងជួយសង្គ្រោះជនរងគ្រោះ។ ក្នុងន័យនេះ ខ្ញុំសូមធ្វើការអំពាវនាវដល់សាធារណជន សហគមន៍ជាតិ-អន្តរជាតិ ស្ថានតំណាងបរទេសប្រចាំកម្ពុជា និងអាជ្ញាធរមានសមត្ថកិច្ចរបស់មិត្តភ័ក្រ អន្តរជាតិ សូមបន្តសហការផ្តល់ព័ត៌មានបន្ថែមទៀតពាក់ព័ន្ធអំពើជួញដូរមនុស្ស និងឧក្រិដ្ឋកម្មឆ្លង ដែនផ្សេងទៀត ដើម្បីទប់ស្កាត់ និងបង្ក្រាបប្រកបដោយប្រសិទ្ធភាពបានទាន់ពេលវេលា។ ការផ្តល់ព័ត៌មានអាចធ្វើទៅបានតាមរយៈ ៖

១- ទំព័រ Facebook: Samdech Kralahom Sar Kheng, Cambodian Deputy Prime
Minister

២- លេខទូរស័ព្ទ Hotline របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ១១៧ និង (+៨៥៥) ៣១
២០១ ២៣៤៥

៣- ទំព័រ Facebook; អគ្គស្នងការដ្ឋាននគរបាលជាតិ-General Commissariat of National
Police

៤- ទំព័រ Facebook: អគ្គនាយកដ្ឋានអន្តោប្រវេសន៍ General Department of Immigration-GDI 

បន្ថែមលើនេះ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការនៃក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (NCCT)ត្រូវបានសារព័ត៌មានខ្មែរថាមស៍ (Khmer Times) ថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ២០២២ រាយការណ៍ថា បានលើកឡើងថា អាជ្ញាធរ នឹង អាចចាត់វិធានការបានល្អប្រសើរជាង ប្រសិនបើមានការផ្តល់នូវព័ត៌មានលម្អិតដូចជាទីតាំង ឈ្មោះ និងសញ្ជាតិរបស់ជនរងគ្រោះ បទល្មើស និងព័ត៌មានច្បាស់លាស់អំពីជនល្មើស។ លោកជំទាវបានគូសបញ្ជាក់ថា៖ “យើងមិនអាចធ្វើការស៊ើបអង្កេត និងថ្មក់ចូលក្រុមហ៊ុនបានទេ ព្រោះវាអាចជាការរំលោភសិទ្ធិមនុស្ស ហើយយើងចង់ឱ្យជនរងគ្រោះ សាច់ញាតិ និងមិត្តភក្តិរបស់ ជនរងគ្រោះ ហើយនិងអាជ្ញាធរដែលធ្វើសកម្មភាពដើម្បីផលប្រយោជន៍ជនរងគ្រោះ ផ្តល់ព័ត៌មាន លម្អិតឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន នៅពេលរាយការណ៍ឬស្វែងរកជំនួយ “។