ថ្មី! កែសម្រួល២ចំណុចសម្រាប់អ្នកដំណើរមកកម្ពុជា
- មីនា 24, 2023
យោងចំណារឯកភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២ លើរបាយការណ៍របស់គណៈប្រចាំការនៃ គ.ប.ក. គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ សូមជូនដំណឹងពីការកែសម្រួលនូវវិធានការសុខាភិបាល ចំពោះ អ្នកដំណើរមកពីបរទេស ដូចខាងក្រោម៖
១-ដកចេញនូវវិធានការដែលតម្រូវឱ្យអ្នកដំណើរមកពីបរទេសទាំងអស់ ទាំងច្រកផ្លូវគោក ផ្លូវទឹក និងផ្លូវ អាកាស បង្ហាញសេចក្តីប្រកាសសុខភាពរបស់អ្នកដំណើរ និងបណ្ណ ឬវិញ្ញាបនបត្រចាក់វ៉ាក់សាំងកូវីដ-១៩
ពេញលេញ នៅពេលមកដល់កម្ពុជា។
២-បន្តរក្សាទុកនូវម៉ាស៊ីនវាស់កំដៅពីចម្ងាយ នៅតាមច្រកទ្វារចេញ-ចូលប្រទេស ព្រមទាំងរក្សាទុកមន្ត្រីទទួល បន្ទុកការងារចត្តាឡីស័កមួយចំនួននៅតាមច្រកទ្វារព្រំដែន ដើម្បីពិនិត្យ ផ្តល់យោបល់ចំពោះអ្នកដំណើរដែល មានរោគសញ្ញា ឬអ្នកជំងឺដែលមានតម្រូវការជាយថាហេតុ។
ទោះបីជាមានការកែសម្រួលនូវវិធានការសុខាភិបាលដូចមានចែងខាងលើនេះក៏ដោយ ក្រសួងសុខាភិបាលសូមអំពាវនាវដល់ប្រជាពលរដ្ឋ ឬអ្នកដំណើរដែលពុំទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសមូលដ្ឋាន ឬដូសជំរុញ អញ្ជើញទៅ ចាក់នៅតាមទីកន្លែងចាក់វ៉ាក់សាំងដែលមាននៅតាមរាជធានី-ខេត្ត ដោយពុំតម្រូវឱ្យបង់ប្រាក់នោះទេ។ ក្រសួងសុខាភិបាល ក៏សូមលើកទឹកចិត្តដល់ប្រជាពលរដ្ឋទាំងអស់គ្នា គប្បីមានការប្រុងប្រយ័ត្ន និងបន្តអនុវត្តនូវវិធានការ ៣ការពារ ៣កុំ និង តាមដានសុខភាពខ្លួនឯងឱ្យបានខ្ជាប់ខ្លួន ចៀសវាងការចម្លងវីរុសកូវីដ-១៩ ជាយថាហេតុ។