អបអរសាទរ! ឆ្នាំក្រោយ កម្មករនិយោជិតនឹងឡើងប្រាក់ឈ្នួល

  • មករា 31, 2023

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្ថែមទឹកប្រាក់ចំនួន ២ (ពីរ) ដុល្លារអាម៉េរិក លើទឹកប្រាក់ចំនួន ១៩៨ (មួយរយកៅសិបប្រាំ) ដុល្លារអាមេរិក ដែលបានស្នើឡើងដោយក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ជាប្រាក់ឈ្នួលអប្បបរមាសម្រាប់ កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប ក្នុងមួយខែ សម្រាប់ឆ្នាំ២០២៣។ នៅក្នុងសម្រេចនោះផងដែរ ក៏បានបញ្ជាក់ថា ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិត ផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៣ ត្រូវបានកំណត់ជាផ្លូវការនូវទឹកប្រាក់ចំនួន ២០០ (ពីររយ) ដុល្លារអាមេរិក ក្នុងមួយខែ។ កំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតសាកល្បងចំនួន ១៩៨ (មួយរយកៅសិបប្រាំ) ដុល្លារអាមេរិក ក្នុងមួយខែ។ ចប់រយៈពេលសាកល្បងក្លាយជាកម្មករនិយោជិតពេញសិទ្ធិ ត្រូវបានទទួលប្រាក់ឈ្នួល អប្បបរមាចំនួន ២០០ (ពីររយ) ដុល្លារអាមេរិក ក្នុងមួយខែ។ ចំពោះកម្មករនិយោជិតដែលទទួលបានប្រាក់ឈ្នួលគិតតាមបរិមាណផលិតផល (ដើរស៊ីបុង) ត្រូវទទួលបានប្រាក់ឈ្នួលតាមទិន្នផលជាក់ស្តែងដែលធ្វើបាន។ បើទិន្នផលការងារទទូលបាននោះលើសពីចំនួន ប្រាក់ឈ្នួលដែលមានចែងក្នុងចំណុចទី១ នៃប្រការ២ ខាងលើ ត្រូវទទួលបានតាមចំនួនលើសនោះ។ ប្រសិនទាបជាងប្រាក់ឈ្នួលដែលមានចែងក្នុងចំណុចទី១ នៃប្រការ២ ខាងលើ នោះនិយោជកត្រូវបន្ថែមឱ្យគ្រប់ចំនួន ១៩៨ (មួយរយកៅសិបប្រាំបី) ដុល្លារអាម៉េរិក ក្នុងមួយខែ សម្រាប់កម្មករនិយោជិតសាកល្បង និង ២០០ (ពីររយ) ដុល្លារអាមេរិក ក្នុងមួយខែ សម្រាប់កម្មករនិយោជិតពេញសិទ្ធិ។ ក្រៅពីនេះ ប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀតដែលកម្មករនិយោជិតធ្លាប់ទទួលបានកន្លងមក ត្រូវរក្សាទុកដដែល។