រួមគ្នា! ស្ថាប័នរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍នានា បានពិភាក្សាពីវិធីសាស្រ្តលើបញ្ហាសុវត្ថិភាពអាហារ

  • កញ្ញា 29, 2022

នៅព្រឹកថ្ងៃព្រហស្បតិ៍ ១កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ៣ ខែមីនា ឆ្នាំ២០២២ ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ស្តីពីវិធីសាស្រ្តវិភាគលើសុវត្ថិភាពម្ហូបអាហាររបស់អង្គការ ស្បៀងនិងកសិកម្មសហប្រជាជាតិនិងអង្គការសុខភាពពិភពលោក (FAO-WHO Food Safety Diagnostic methodologies) ដែលអង្គការស្បៀងនិងកសិកម្មសហប្រជាជាតិ និងសហគមន៍អ៊ឺរ៉ុប តាមរយៈគម្រោង FIRST គ្រោងនឹងប្រើប្រាស់នៅក្នុងឆ្នាំ២០២២ នេះ ដោយសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ឋ ដៃគូអភិវឌ្ឍន៍នានា ពិសេសអង្គការ UNIDO ក្រោមអធិបតីភាពឯកឧត្តម សុខ ស៊ីឡូ អគ្គលេខាធិការក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ តាមរយៈវីដេអូពីចម្ងាយ Zoom។ គោលបំណងសំខាន់នៃកិច្ចប្រជុំពិគ្រោះយោបល់ថ្ងៃនេះ គឺដើម្បីស្វែងយល់ពីការទទួលខុសត្រូវ បញ្ហាប្រឈមផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុរបស់ក្រសួងស្ថាប័ន និងដាក់ចេញជាអនុសាសន៍នានា ដើម្បីលើកកម្ពស់សុវត្ថិភាពម្ហូបអាហារនៅក្នុងប្រព័ន្ឋស្បៀង ដោយផ្តោតលើចំនុចមួយចំនួនដូចតទៅ៖ ទី១. បង្ហាញពីការវាយតម្លៃនិងការចូលរួមរបស់ក្រសួងស្ថាប័នពាក់ព័ន្ឋក្នុងការពិភាក្សាលើប្រធានបទសុវត្ថិភាពម្ហូបអាហារ ទី២ ពិនិត្យលើការសិក្សាវិភាគស្តីពីសុវត្ថិភាពម្ហូបអាហារដែលក្រសួងស្ថាប័នបាននិងកំពុងអនុវត្តឫគ្រោងនឹងអនុវត្ត ទី៣. ពិនិត្យលើការងារអាទិភាពស្តីពីសុវត្ថិភាពម្ហូបអាហារសម្រាប់ឆ្នាំ ២០២២ និងឆ្នាំបន្តបន្ទាប់ ទី៤. ពិនិត្យលើគោលនយោបាយ ក្របខណ្ឌច្បាប់ គោលការណ៌ណែនាំ វិធានការនានាស្តីពីសុវត្ថិភាពម្ហូបអាហារ។

នៅក្នុងសុន្ទរកថារបស់ឯកឧត្តមអគ្គលេខាធិការនៃក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ ក៏បានលើកឡើងផងដែរថា សុវត្ថិភាពម្ហូបអាហារបានដើរតួនាទីយ៉ាងសំខាន់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់យើង។ សុវត្ថិភាពម្ហូបអាហារ មានទំនាក់ទំនងយ៉ាងជិតស្និតជាមួយប្រព័ន្ធស្បៀង គឺចាប់ពីដំណាក់កាលផលិតកម្ម ការកែច្នៃ ការចែកចាយនិងរក្សាទុក រហូតដល់ការរៀបចំនិងការបរិភោគអាហារ គឺចាប់ពីកសិដ្ឋានរហូតដល់តុបាយ។ នៅប្រទេសកម្ពុជា បញ្ហាសុវត្ថិភាពម្ហូបអាហារ គឺជាបញ្ហាប្រឈមដ៏ស្មុគស្មាញមួយ។ បញ្ហាប្រឈមទាំងនោះ កើតមានទាំងនៅផ្នែកផ្គត់ផ្គង់ និងផ្នែកតម្រូវការស្បៀងអាហារ។ ទាំងផលិតផលអាហារនាំចូលនិងផលិតផលអាហារផលិតក្នុងស្រុកមួយចំនួន ត្រូវបានរកឃើញថាមានការឆ្លងចូលនូវថ្នាំសំលាប់សត្វល្អិត សារធាតុគីមី និងការបំពុលជីវសាស្ត្រ។ ការឆ្លងចូលនូវបាក់តេរី ត្រូវបានរកឃើញជាទូទៅនៅក្នុងអាហារដែលមានប្រភពពីសត្វ ដោយមូលហេតុចម្បង គឺបណ្តាលមកពីបញ្ហាកង្វះអនាម័យ។យើងក៏មានបញ្ហាប្រឈមពាក់ព័ន្ធទៅនឹងក្របខណ្ឌគតិយុត្តិ និងប្រព័ន្ធត្រួតពិនិត្យសុវត្ថិភាពម្ហូបអាហារផងដែរ។

ទោះបីប្រទេសកម្ពុជាសម្រេចបាននូវសមិទ្ធកម្មសេដ្ឋកិច្ចដ៏ខ្លាំងក្លា និងវឌ្ឃនភាពគួរឱ្យ​កត់​សម្គាល់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព និងមានវិសាលភាពកាន់តែទូលំទូលាយ ហើយបានកាត់បន្ថយភាពក្រីក្រក្នុងអត្រាមួយដ៏ខ្ពស់ ប៉ុន្តែវិសមភាពនៅតែបន្តមាននៅឡើយ ហើយប្រជាពលរដ្ឋប្រមាណ២២%នៅពុំអាចមានលទ្ធភាពទទួលបានរបបអាហារសុខភាព។កង្វះសុវត្ថិភាពម្ហូបអាហារបណ្តាលឱ្យប្រជាពលរដ្ឋមានបញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់និងជំងឺផ្សេងៗ ក្នុងនោះកុមារអាយុក្រោម៥ឆ្នាំចំនួន៨%បានស្លាប់ដោយសារជំងឺរាគ កុមារ៣២,៤%មានបញ្ហាក្រិសក្រិន ២៤%មានទម្ងន់មិនគ្រប់ និង១០%មានបញ្ហាស្គមស្គាំង។

ក្នុងនោះឯកឧត្តម សុខ ស៊ីឡូ បានលើកឡើងពីស្ថានភាពក្នុងបរិបទនៃការរាតត្បាតជំងឺកូវីដ១៩ នៅកម្ពុជា ដោយការពង្រឹងប្រព័ន្ធស្បៀង ដើម្បីសុវត្ថិភាពម្ហូបអាហារនិងរបបអាហារសុខភាពកាន់តែមានសារៈសំខាន់ ដែលតម្រូវឱ្យគ្រប់តួអង្គពាក់ព័ន្ធទាំងអស់យកចិត្តទុកដាក់ខ្ពស់ក្នុងការធ្វើឱ្យប្រព័ន្ធស្បៀងកាន់តែរឹងមាំ ផ្តល់នូវសន្តិសុខស្បៀងនិងអាហារូបត្ថម្ភសម្រាប់មនុស្សគ្រប់រូប មានភាពធន់នឹងបម្រែបម្រួលអាកាសធាតុ និងមានចីរភាពបរិស្ថាន ចីរភាពសង្គម និងចីរភាពសេដ្ឋកិច្ច សម្រាប់មនុស្ស ភពផែនដី និងវិបុលភាព។ ក្នុងន័យនេះ គ្រប់តួអង្គពាក់ព័ន្ធត្រូវផ្លាស់ប្តូររបៀបផលិត របៀបកែច្នៃ របៀបធ្វើអាជីវកម្ម របៀបបរិភោគអាហារ និងការរស់នៅ ដើម្បីពង្រឹងប្រព័ន្ធស្បៀង និងសុវត្ថិភាពស្បៀងអាហារ ឱ្យកាន់តែរឹងមាំប្រកបដោយនិរន្តរភាព ដោយ៖
ទី១-ត្រូវបន្តកិច្ចខិតខំប្រឹងប្រែងធ្វើទំនើបកម្មកសិកម្ម ដើម្បីលើកកម្ពស់ផលិតភាព ពិពិធភាវូនីយកម្មដំណាំដែលមានសក្តានុពលនិងទីផ្សារ និងដាំដំណាំបន្លែ ផ្លែឈើចម្រុះ ចិញ្ជឹមសត្វ និងវារីវប្បកម្ម ព្រមទាំងកែលម្អគុណភាពនិងសុវត្ថិភាពផលិតផលកសិកម្មសម្រាប់ការប្រើប្រាស់ក្នុងស្រុកនិងនាំចេញ។

ទី២- ត្រូវចាប់យកឱកាសថ្មីៗ សម្រាប់បង្កើតតម្លៃបន្ថែមលើផលិតផល តាមរយៈការបង្កើនគុណភាព សុវត្ថិភាព និងអាហារូបត្ថម្ភលើផលិតផលស្បៀងអាហារ ដើម្បីលើកកម្ពស់អាហារសុខភាព និងជំរុញលើកទឹកចិត្តឱ្យប្រជាពលរដ្ឋបរិភោគអាហារចម្រុះមុខ រួមមាន៖ គ្រាប់ធញ្ញជាតិ បន្លែ ផ្លែឈើ ត្រី សាច់ ស៊ុត ដែលសម្បូរទៅដោយសារជាតិចិញ្ចឹម និងបរិភោគទឹកមានសុវត្ថិភាព និងរក្សាអនាម័យ ដើម្បីទទួលបានអាហារូបត្ថម្ភល្អ និងមានសុខភាពល្អ។

នៅចុងបញ្ចប់នៃកិច្ចប្រជុំ ឯកឧត្តមអគ្គលេខាធិការ សូមលើកទឹកចិត្តឲ្យតំណាងក្រសួងស្ថាប័នពាក់ព័ន្ឋ ដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល និងវិស័យឯកជន ចូលរួមពិភាក្សាផ្តល់ធាតុចូលទៅតាមគោលបំណងនៃកិច្ចពិភាក្សានាថ្ងៃនេះឱ្យបានផុលផុស និងសូមបន្តការយកចិត្តទុកដាក់ និងអនុវត្តភារកិច្ចរបស់ខ្លួនតទៅទៀត ដើម្បីលើកកម្ពស់សន្តិសុខស្បៀងនិងអាហារូបត្ថម្ភ តាមរយៈការពង្រឹងប្រព័ន្ធស្បៀង សុវត្ថិភាពស្បៀង សំដៅរួមចំណែកលើកកម្ពស់សុខភាព ជីវភាពរស់នៅ និងធានាឱ្យបាននូវសុខដុមនីយកម្មគ្រួសារ និងធ្វើឱ្យអាហារកម្ពុជាសម្បូណ៌បែប ចម្រុះមុខអាហារ មានអាហារូបត្ថម្ភល្អ មានសុវត្ថិភាព និងមានតម្លៃសមរម្យ និងអាចរកបានគ្រប់ទីកន្លែង ដើម្បីចូលរួមចំណែកសម្រេចឱ្យបានសន្តិសុខស្បៀង ធ្វើឱ្យប្រសើរឡើងស្ថានភាពអាហារូបត្ថម្ភនិងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនប្រកបដោយចីរភាព។