ខ្មែរយើងធ្វើបាន! សិប្បកម្មកាបូបកំប្លោកម៉ាក «បាលិលេយ្យ »

  • កញ្ញា 29, 2022

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នូវការសរសើរ និងលើកទឹកចិត្តមកដល់បងប្អូនសិប្បករខ្មែរយើង ដែលបានផលិតកាបូបកំប្លោកដែលជាសមិទ្ធផលច្នៃចេញពីធនធានធម្មជាតិដើមកំប្លោក។ យោងតាមសំណេររបស់លោកជំទាវ ទាង អេង ទៀ សីហា ភរិយារបស់ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានរៀបរាប់ថា អស់រយៈពេល ជាងពីរឆ្នាំកន្លងមកនេះ សិប្បកម្មកាបូបកំប្លោកម៉ាក «បាលិលេយ្យ » យើងបានខិតខំស្រាវជ្រាវរកវត្ថុធាតុដើមជាច្រើនយកមកកែច្នៃ ហើយបានបង្កើតចេញជារូបរាងបន្តិចម្តងៗ បន្ទាប់ពីការអភិវឌ្ឍន៍សិប្បកម្មមួយនេះបានចេញជារូបរាងយ៉ាងពេញលេញមកដល់នាបច្ចុប្បន្ននេះ សិប្បកម្ម បាលិលេយ្យ មានការគាំទ្រ និងទទួលស្គាល់ពីសំណាក់អតិថិជនជាច្រើនទាំងភ្ញៀវជាតិ និងអន្តរជាតិ ដែលបានគាំទ្រជាបន្តបន្ទាប់កន្លងមក។


ជាពិសេសនោះសូមអរគុណចំពោះ លោកជំទាវ ហ៊ុន ម៉ាណា គាត់បានជំរុញ និងលើកស្ទួយគាំទ្រ កាបូបមួយនេះតាំងពីចាប់ផ្តើមមុនដំបូងគេបង្អស់។កាបូបធ្វើពីស្នាដៃខ្មែរយើង ពិតជាមានមោទនភាពដែលបានបង្ហាញពីសិល្បៈកែច្នៃ និងវប្បធម៌ខ្មែរទៅកាន់ពិភពលោកអោយបានស្គាល់កាន់តែច្រើនជាងនេះ ។ នេះបានបង្ហាញអោយឃើញកាន់តែច្បាស់ថា សិប្បករខ្មែរយើងគឺមានឆន្ទៈខ្ពស់មិនបោះបង់ក្តីស្រមៃ នៃការតស៊ូជាមួយភាពអំណត់យ៉ាងមុតមាំថា « ខ្មែរយើងធ្វើបាន » ទោះបីជាប្រទេសកម្ពុជា កំពុងជួបនូវវិប្បត្តិសេដ្ឋកិច្ចក៏ដោយ ប៉ុន្តែបងប្អូនសិប្បករខ្មែរយើងក៏នៅតែមានកម្លាំងចិត្ត និងការជំរុញដ៏ធំពីសំណាក់ថ្នាក់ដឹកនាំគឺ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ។ នេះពិតជាមហាកិត្តិយសរបស់ប្រជាជនក្នុង ខេត្តសៀមរាប។