សំខាន់! ចំណីអាហារសម្បូរជាតិអ៊ីយ៉ូដផ្តល់ផលល្អដល់សុខភាព នឹកស្មានមិនដល់

  • មិថុនា 29, 2022

ផ្អែកតាមលទ្ធផលនៃការធ្វើអង្កេតប្រជាសាស្រ្ត និងសុខភាពកម្ពុជា បានបង្ហាញថា កុមារអាយុក្រោម៥ឆ្នាំ ៣២% មានភាពក្រិសក្រន ៥៦% មានភាពស្លេកស្លាំង និង៤៥%ស្ត្រីស្ថិតក្នុងវ័យបន្តពូជ។ ក្រសួងផែនការក៏បានកំណត់ប្រធានបទ៣ ផងដែរទៅលើបញ្ហាកង្វះអាហារូបត្ថម្ភ ដែលប្រជាពលរដ្ឋកម្ពុជាបាននឹងកំពុងកើតមានជាទូទៅ ក្នុងនោះរួមមានៈ បញ្ហាកង្វះជីវជាតិអា (VAD) បញ្ហាកង្វះជាតិ (IDA) បញ្ហាជាតិអ៊ីយ៉ូដ (IDD)។ លទ្ធផលនៃការអង្កេតនេះ ក៏បានបង្ហាញផងដែរថា អត្រាមរណភាពមាតា គឺ១៧០នាក់ ក្នុង​១០០០០០​កំណើតរស់ និងអត្រាមរណភាពកុមារក្រោម៥ឆ្នាំ គឺ៣៥នាក់ ក្នុងចំណោម១០០០កំណើតរស់ និងអត្រាមរណភាពទារក គឺ២៨នាក់ ក្នុង១០០០កំណើតរស់។ រាជរដ្ឋាភិបាលកម្ពុជា បានយល់ច្បាស់អំពីបញ្ហានេះគឺជាការខាតបង់ធនធានមនុស្ស ការខាតបង់សេដ្ឋកិច្ចធ្ងន់ធ្ងរ និងជាឧបសគ្គយ៉ាងធំក្នុងការពន្លឿនកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមកិច្ច និងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។


បញ្ហាកង្វះជាតិអ៊ីយ៉ូដ គឺជាបញ្ហាចម្បងមួយ ក្នុងចំណោមបញ្ហាកង្វះមីក្រូសារជាតិដែលរួមមាន៖ កង្វះជីវជាតិអា និងកង្វះជាតិដែក។ បញ្ហាកង្វះជាតិអ៊ីយ៉ូដ បានធ្វើឱ្យការវិវត្តផ្នែករាងកាយ និងការលូតលាស់ខាងប្រាជ្ញាស្មារតី របស់កុមារមានភាពយឺតយ៉ាវ ហើយប្រសិនបើមានបញ្ហាកង្វះជាតិអ៊ីយ៉ូដ កើតឡើងតាំងពីទារកនៅក្នុងផ្ទៃម្តាយ នោះវានឹងបណ្តាលឱ្យទារកអាចស្លាប់ក្នុងផ្ទៃ ឬនៅពេលប្រសូតិមកវានឹងធ្វើឱ្យខួរក្បាលទារកមិនអាចលូតលាស់ និងមិនអាចកែលម្អវិញបានឡើយ ឬទារកអាចនឹងកើតមកមិនគ្រប់ទម្ងន់ ហើយវានឹងឈាន ទៅដល់ការខ្វះសមត្ថភាពចូលរួមចំណែក ក្នុងការកសាងសេដ្ឋកិច្ចសង្គមទៀតផង។ យោងតាមទិន្នន័យចុងក្រោមរបស់ការអង្កេតប្រជាសាស្រ្ត និងសុខភាព របស់ក្រសួងផែនការបានបង្ហាញថា អត្រាការប្រើប្រាស់អំបិលមានជាតិអ៊ីយ៉ូដតាមគ្រួសារ មានការថយចុះមកត្រឹម៦៩% ដែលគេសន្និដ្ឋានថា ជាអត្រាមួយនៅទាបបើធៀបទៅនឹងអត្រាប្រើប្រាស់អំបិលអ៊ីយ៉ូដនៅក្នុងប្រទេសជិតខាង។ តើអ្វីទៅជាជាតិអ៊ីយ៉ូដ? វាគឺជាសារជាតិរ៉ែខនិជមួយប្រភេទដែលមានសារៈសំខាន់ ក្នុងការអភិវឌ្ឍ ទាំងការលូតលាស់ផ្នែករាងកាយ និងបញ្ញាស្មារតីរបស់មនុស្ស។ កង្វះជាតិអ៊ីយ៉ូដ បានធ្វើឱ្យប៉ះពាល់ដល់ការរស់នៅរបស់មនុស្សទាំងពីរភេទ ទាំងក្មេង ទាំងចាស់ និងសង្គមជាតិទាំងមូល។ ចំពោះមូលហេតុដែលបង្កឱ្យមានបញ្ហាកង្វះជាតិអ៊ីយ៉ូដ គឺដោយសារតែការបាត់បង់ជាតិអ៊ីយ៉ូដនៅក្នុងធម្មជាតិ ដែលវាបានហូរច្រោះពីផ្ទៃផែនដី ការដាច់ដោចដី ធ្លាក់ទឹកកក និងភ្លៀង ធ្វើឱ្យហូរទៅតាមខ្យល់ ទឹកស្ទឹង ទឹកទន្លេ ទឹកជំនន់ហូរចូលក្នុងសមុទ្រជាដើម។ ហេតុផលដទៃទៀតក៏មានច្រើនយ៉ាងផងដែរ ដូចជា៖ កង្វះអាហារសម្បូរជាតិអ៊ីយ៉ូដ នៅក្នុងរបបអាហារ គឺជាទម្រង់ទូទៅមួយប្រភេទ នៃបញ្ហាកង្វះជាតិអ៊ីយ៉ូដ កការបឺតស្រូបជាតិអ៊ីយ៉ូដដោយរាងកាយមិនល្អពីចំណីអាហារដែលបានបរិភោគអាចបង្កើននៅក្នុងការប្រឈមមុខ ដែលបណ្តាលមកពីកង្វះជាតិអ៊ីយ៉ូដ ចំនូនបម្រុងជាតិអ៊ីយ៉ូដ មានភាពមិនគ្រប់គ្រាន់តាំងពីកំណើតដោយសារម្តាយមានបញ្ហាកង្វះជាតិអ៊ីយ៉ូដ ក្នុងពេលមានផ្ទៃពោះ។ កង្វះជាតិអ៊ីយ៉ូដអាចបណ្តាលឱ្យមានជំងឺ ពកក ដែលនាំឱ្យប៉ះពាល់ដល់ភាព ស្អាត ល្អ របស់មនុស្ស និងអាចនាំទៅដល់ភាពពិការខាងប្រាជ្ញា និងពិការខាងរូបរាងកាយដូចជា៖ គ ថ្លង់ ដោយរាងកាយត្រូវក្រិនដល់កម្រិតកំពូល។ លើសពីនេះទៅទៀត បញ្ហាកង្វះជាតិអ៊ីយ៉ូដ គឺធ្វើឱ្យខួរក្បាលមនុស្ស ទារកក្នុងផ្ទៃ ទារកទើបកើត និងកុមារតូចៗ មិនមានការលូតលាស់បានដូចប្រក្រតី ពិសេសអាចនាំឱ្យស្រ្តីមានផ្ទៃពោះ ងាយរលូតកូនឬនាំឱ្យទារកស្លាប់ក្នុងផ្ទៃពោះម្តាយទៀតផង។

ការទប់ស្កាត់នឹងបង្ការបញ្ហាកង្វះជាតិអ៊ីយ៉ូដ នៅកម្ពុជា គឺត្រូវបង្កើនការយល់ដឹង អំពីចំណីអាហារដែលសម្បូរជាតិអ៊ីយ៉ូដក្នុងរបបអាហារឱ្យបានច្រើនដង និងញឹកញាប់សម្រាប់កុមារ ចាប់ពីអាយុ៦ខែ ឡើងទៅ និងមនុស្សពេញវ័យ និងការបញ្ចូលជាតិអ៊ីយ៉ូដក្នុងផលិតផលចំណីអាហារ ដែលគេនិយមប្រើប្រាស់បង្កើនការផ្សព្វផ្សាយពង្រឹង ការអនុវត្តខ្លឹមសារអនុក្រឹត្យលេខ៦៩ អនក្រ.បក ស្តីពីការគ្រប់គ្រងការធ្វើអាជីវកម្មអំបិលអ៊ីយ៉ូដ។ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលបណ្តាប្រទេសមួយចំនួននៅលើពិភពលោក បានខិតខំប្រឹងប្រែងបញ្ចូលជាតិអ៊ីយ៉ូដ ទៅក្នុងចំណីអាហារប្រចាំថ្ងៃមួយចំនួនដែលគេគិតថាមានលទ្ធភាព អាចដាក់បញ្ចូលជាតិអ៊ីយ៉ូដ នេះបានដូចជា នំប៉័ង បង្អែម ទឹកដោះគោ ទឹកផឹក និងអំបិលជាដើម។ ប៉ុន្តែមានតែអំបិលទេ ដែលគេនិយមដាក់បញ្ចូលជាតិអ៊ីយ៉ូដជាងគេដោយសារតែ អំបិលជាអាហារមួយដែលគេប្រើប្រាស់គ្រប់ទីកន្លែងនិងបរិភោគជារៀងរាល់ថ្ងៃ។ មនុស្សយើងទទួលទានអំបិល តិចតួចបំផុតប្រហែលចន្លោះពី៥ ទៅ១០ក្រាម ក្នុងមួយថ្ងៃ ម្យ៉ាងទៀតអំបិលមានតម្លៃធូរថ្លៃ។ អំបិលដែលលាយបញ្ចូលជាតិអ៊ីយ៉ូដ ពុំមានប្រតិកម្មជាមួយនឹងអាហារឡើយ។ ដើម្បីធានាឱ្យការលុបបំបាត់កង្វះជាតិអ៊ីយ៉ូដ ទទួលបានជោគជ័យ រាជរដ្ឋាភិបាលបានប្រកាសឱ្យអនុវត្ត អនុក្រឹត្យលេខ៦៩ អនក្រ.បក ចុះថ្ងៃទី២០ ខែតុលា ឆ្នាំ២០០៣ ស្តីពីការគ្រប់គ្រងការធ្វើអាជីវកម្មអំបិលអ៊ីយ៉ូដ ដែលមានគោលបំណងលុបបំបាត់បញ្ហាកង្វះជាតិអ៊ីយ៉ូដ ដែលអាចកើតមមានលើមនុស្ស សត្វ គ្រប់ប្រភេទ គ្រប់វ័យតាមរយៈការបរិភោគអំបិលអ៊ីយ៉ូដដែលត្រូវបានផ្គត់ផ្គង់យ៉ាងត្រឹមត្រូវ។ ដូច្នេះប្រជាពលរដ្ឋគ្រប់រូប ភោជនីយដ្ឋាន រោងចក្រ សហគ្រាស សិប្បកម្ម មន្ទីរពេទ្យ និងគ្រប់ទីកន្លែងដែលមានរៀបចំអាហាររួម ត្រូវប្រើប្រាស់អំបិលអ៊ីយ៉ូដ ក្នុងការផលិតម្ហូបអាហារ នំ ចំណីសម្រាប់បរិភោគ។