បរិបទកូវីដ-១៩! ស្ថានភាពសុខភាពមាតា ទារក និងកុមារ កាន់តែប្រសើរ

  • មិថុនា 29, 2022

នៅក្នុងសារលិខិតរបស់សម្តេចកតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្រ្តី និងកុមារ នាឱកាសទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈ ២០២២ បានជំរុញឱ្យស្ត្រីនៅទូទាំងប្រទេស សូមបំបៅកូនដោយទឹកម្តាយតែមួយមុខគត់ ចាប់ពីពេលទារកកើតភ្លាមរហូតដល់អាយុ៦ខែ និងផ្តល់អាហារបន្ថែមគ្រប់មុខ គ្រប់ជីវជាតិ (បបរខាប់គ្រប់គ្រឿង) រួមជាមួយការបន្តបំបៅទឹកដោះម្តាយរហូតដល់កុមារមានអាយុយ៉ាងតិច២ឆ្នាំ

នៅក្នុងសារលិខិតរបស់សម្តេចកតិ្តព្រឹទ្ធបណ្ឌិត ក៏បានជំរុញឱ្យស្រ្តីមានផ្ទៃពោះ ស្ត្រីជាមាតាកំពុងបំបៅដោះកូនដោយទឹកដោះម្តាយទាំងអស់ អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ ការពារ “៣កុំ ៣ការពារ” និងការណែនាំរបស់ក្រសួងសុខាភិបាល និងសូមទៅទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ តាមវេន និងកាលកំណត់ឱ្យបានគ្រប់ៗគ្នា។

ជាមួយគ្នានេះដែរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមអំពាវនាវដល់ស្ថាប័នពាក់ព័ន្ធទាំងអស់ ទាំងថ្នាក់ជាតិ និងអន្តរជាតិ សូមបន្តជួយវិនិយោគ គាំទ្រដល់ការងារសុខភាពមាតា និងទារក ព្រមទាំងកុមារ ពិសេសជួយលើការងារបណ្តុះបណ្តាលនិងវិក្រឹត្យការដល់មន្រ្តី/បុគ្គលិកសុខាភិបាល អាជ្ញាធរមូលដ្ឋាន អ្នកអប់រំផ្សព្វផ្សាយនៅតាមសហគមន៍ ឱ្យទទួលបានចំណេះដឹង និងជំនាញពិតប្រាកដ ដើម្បីពង្រឹងគុណភាព និងគុណតម្លៃនៃការផ្តល់សេវាសុខភាពបន្តពូជ សុខភាពមាតា ទារក និងកុមារ និងផ្តល់វ៉ាក់សាំងបង្ការជំងឹកូវីដ-១៩ ជូនស្ត្រីមានផ្ទៃពោះ និងមាតាកំពុងបំបៅដោះកូនដោយទឹកម្តាយ។