ស្លាធម៌បួស (ឈ្មោះតំបន់ ស្រុកអង្គរជ័យ ខេត្តកំពត)

  • សីហា 16, 2022

ស្លាធម៌នេះគេធ្វើអំពីផ្លែដូងខ្ចី ម្លូ ស្លា ផ្កាដូង ធូប ទៀន។ ស្លាធម៌ប្រភេទនេះតែងតែឃើញពុំដែលដាច់នៅក្នុងពីធីបុណ្យ ពុទ្ធាពិសេក សាមញ្ញ​ភិសេក និងពិធីលៀងមេមត់ នៅក្នុងតំបន់ស្រុកអង្គរជ័យ នៃខេត្តកំពត។ ចំពោះពិធីបុណ្យពុទ្ធាពិសេកគេប្រើម្លូ ៨សន្លឹក ស្លា៨ចំណិត ធូប៨ដើម ទៀនមួយដើមចងខាងចុងធូប និងចំនួនស្លាធម៌៨ (តំបន់ខ្លះស្លាធម៌មានត្រឹម៤)។ គេដាក់អមសងខាង ឬខាងមុខព្រះពុទ្ធរូបអង្គថ្មី ជាតំណាងឲ្យទេព្ដាទាំង៨ទិស ឬចតុលោកបាលទាំងបួន ដែលមកចូលរួមអបអរដល់ការត្រាស់ដឹងរបស់ព្រះសម្មាសម្ពុទ្ធ ឬអ្នកខ្លះទៀតថាជាការតំណាងឲ្យអរិយមគ្គទាំង៨ ឯខ្លះទៀតលោកបកស្រាយថាជាការតំណាងឲ្យមគ្គ៤ ផល៤ និងព្រះពុទ្ធរូបមួយព្រះអង្គកណ្ដាលជាតំណាងឲ្យនិព្វាន។

ឯក្នុងពិធីលៀងមេមត់គេធ្វើស្លាធម៌នេះតែមួយទេ សម្រាប់ដាក់​លើ​ត្រួន​(ត្រួន គឺជារានថ្នាក់ៗ សម្រាប់ដាក់គ្រឿងសក្ការៈថ្វាយគ្រូជួរល្បាក់សា ឬទេព្ដា ត្បិតបុរាណក៏មានប្រើពាក្យថាត្រួនទេព្ដាដែរ)។ គេធ្វើដោយផ្លែដូងខ្ចីមួយដោតផ្កាដូង៤ទង ម្លូ៩សន្លឹក ស្លា៩ចំណិត ធូប៩ដើម និងទៀនមួយដើមចងខាងចុងធូប។ ការដែលលើកឡើងនេះគ្រាន់តែជាប្រពៃណីរបស់ខ្មែរយើង ទៅតាមតំបន់តែប៉ុណ្ណោះ បើសិនជាមានកំហុសឆ្គងដោយអចេតនា ត្រង់ចំណុចណាមួយនោះសូមមេត្តាខន្តីអធ្យាស្រ័យ។

ប្រភព៖ វប្បធម៌ អរិយធម៌ សិល្បៈខ្មែរ