ប្រវត្តិសែននំចាំង
- ឧសភា 25, 2022
នៅសម័យលៀតកុក (សម័យឈុនឈីវ) មានបុរសម្នាក់ឈ្មោះ ឈីយៀន ជាកវីអ្នកប្រាជ្ញានិងមានចំណេះដឹងផ្នែកគ្រប់គ្រងដឹកនាំ។ ឈីយៀន ជាប់សែស្រលាយស្ដេចនគរឈូ ទើបបានធ្វើជាមន្រ្តី ឋានៈទីប្រឹក្សានៅសម័យស្ដេចឈូ ព្រះអង្គម្ចាស់វៃ និងគ្រប់គ្រងរាជវង្សានុវង្ស។ ឈីយៀន ជាមន្រ្តីស្មោះត្រង់និងពោរពេញដោយចំណេះដឹង ទើបក្លាយជាសំណព្វព្រះទ័យរបស់ស្ដេចឈូ ព្រះអង្គម្ចាស់វៃ ។ ពេលមានអ្នកស្រលាញ់ ប្រាកដណាស់ថាត្រូវតែមានអ្នកស្អប់ នាហ្មឺនមន្រ្តីពុករលួយមិនពេញចិត្តនឹង ឈីយៀន ព្រោះជាញឹកញាប់ដែលការធ្វើការរបស់ ឈីយៀន ធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ពួកគេក៏ស៊ុមគ្រលុំគ្នាចោទប្រកាន់ ឈីយៀន ពីរឿងនេះផងរឿងនោះផងច្រើនគរគោក ធ្វើឲ្យស្ដចឈូវៃចាប់ផ្ដើមមានព្រះទ័យលំអៀង ធ្វើឲ្យ ឈីយៀន ទុក្ខសោកយ៉ាងខ្លាំង ទើបតែងកំណាព្យបំពេមួយដើម្បីរំសាយទុក្ខ ។ កំណាព្យនោះមានឈ្មោះថា លី សាវ មានន័យថា ទុក្ខសោកសៅ ។ ក្រោយមកស្ដេចឈូវៃចាញ់កលនគរឈិននិងសោយព្រះទិវង្គតនៅនគរឈិន ទើបរជ្ជទាយាទរបស់ទ្រង់ឡើងសោយរាជ្យបន្ត ។ បន្ទាប់ពីស្ដេចអង្គថ្មីឡើងសោយរាជ្យ ទ្រង់ជឿពាក្យញុះញង់របស់មន្រ្តីពុករលួយទាំងនោះ ទើបចេញរាជបញ្ជានិរទេស ឈីយៀន ចេញពីនគរឈូ។
ឈីយៀន ទុក្ខសោកយ៉ាងខ្លាំង បន្ទាប់ពីធ្វើដំណើរមកដល់ទន្លេ យ៉ាងស៊ឺ ក៏សម្រេចចិត្តលោតទឹកសម្លាប់ខ្លួននៅថ្ងៃទី៥ ខែឧសភា ។ អ្នកស្រុកអ្នកភូមិដែលអាណិតស្រលាញ់ ឈីយៀន ពេលដឹងដំណឹងនេះក៏នាំគ្នាអាឡោះអាល័យ ទើបនាំគ្នាចុះទូកតាមរកសាកសពនិងបានបោះចំណីអាហារចូលទឹក ដើម្បីបញ្ឆោតឲ្យត្រីមកស៊ី កុំឲ្យពួកវាទៅចឹកស៊ីសាកសពរបស់ ឈីយៀន ។ ក្រោយមក ជារៀងរាល់ឆ្នាំពេលដល់ថ្ងៃខួបមរណៈរបស់ ឈីយៀន អ្នកស្រុកក៏យកចំណីអាហារទៅបោះចូលទន្លេយ៉ាងស៊ឺ។ បន្ទាប់ពីធ្វើបាន ២ ឆ្នាំក៏មានអ្នកស្រុកម្នាក់យល់សប្តឃើញ ឈីយៀន ស្លៀកពាក់ថ្លៃថ្នូរមកអរគុណដែលនាំគ្នាយកចំណីអាហារទៅបោះឲ្យដើម្បីសែនព្រេន តែចំណីអាហារទាំងនោះត្រូវមច្ឆជាតិស៊ីអស់ ដោយសារម្ដុំនោះមានមច្ឆជាតិអាស្រ័យនៅច្រើន ទើប ឈីយៀន ណែនាំឲ្យខ្ចប់ដោយស្លឹកឫស្សី ឬស្លឹកចាកមុនបោះចូលទឹក ដើម្បីបញ្ឆោតមច្ឆជាតិទាំងនោះ ។
ឆ្នាំក្រោយៗមក អ្នកស្រុកខ្លះក៏ធ្វើតាមការណែនាំ ទើប ឈីយៀន មកពន្យល់សប្តថាបានទទួលហើយ តែក៏នៅតែត្រូវមច្ឆជាតិដណ្ដើមស៊ីដដែល ។ អ្នកស្រុកចង់ឲ្យ ឈីយៀន មានហូបមានចុកសម្បូរហូរហៀរ ទើបសុំការណែនាំ។ ឈីយៀន ប្រាប់ថាពេលយកចំណីអាហារទៅបោះក្នុងទឹក ត្រូវតុបតែងជាទូកនាគ ពេលមច្ឆជាតិឃើញហើយ ស្មានថាជាសំណែនរបស់ស្ដេចនាគ ទើបមិនហ៊ានស៊ី ។