ចូលឆ្នាំខ្មែរកន្លងផុតហើយ ហេតុអ្វីពុទ្ធសករាជ នៅតែឆ្នាំ២៥៦៤?

  • សីហា 16, 2022

ប្រជាពលរដ្ឋខ្មែរស្ទើរតែគ្រប់គ្នាតែងតែច្រឡំថា នៅពេលចូលឆ្នាំខ្មែររួច ពុទ្ធសករាជ នឹងឈានបានមួយឆ្នាំទៀត ឧទាហរណ៍ បច្ចុប្បន្ន ព.ស.២៥៦៤ ឈានចូល ព.ស. ២៥៦៥។ តាមពិតទៅដូចជាឆ្នាំនេះ ការចូលពុទ្ធសករាជ គឺគិតចាប់ពីថ្ងៃអង្គារ ១រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ តទៅ។​ ពន្យល់ឱ្យងាយយល់ពុទ្ធសករាជត្រូវរាប់ចាប់ពីក្រោយថ្ងៃវិសាខបូជាមួយថ្ងៃ។ តាមការបកស្រាយរបស់សម្តេចព្រះសង្ឃរាជ ជួន ណាត៖ ទំនៀមរាបពុទ្ធសករាជ ទៀងទាត់របស់ពុទ្ធសនិកជន សម្រាប់ប្រើក្នុងរបៀបទេសនា ដែលហៅថាបកសករាជ រាប់យកចំណែករនោចខែមួយមុនប៉ះរួមនឹងខ្នើត ខែបន្ទាប់នោះជា១ខែ គឺត្រូវរាប់ពី ១រោច ខែពិសាខ ដល់ថ្ងៃ១៥កើត ខែជេស្ឋ ជាមួយខែ។ល។ ពីថ្ងៃ១ រោច ខែចេត្រ ដល់ថ្ងៃ១៥កើត ខែពិសាខ ជាមួយខែ (ពេញជា១ឆ្នាំ) រាប់យ៉ាងនេះរៀងរាល់ឆ្នាំ បើរាប់ពីលើដល់ត្រឹមណា ត្រូវទុកខែឆ្នាំនោះជាបច្ចុប្បន្នកាល មិនទាន់រាប់ពេញជាសករាជដែលកន្លងទៅហើយទេ។