ទប់ស្កាត់! ការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូមិនទាន់កែច្នៃ

  • មករា 30, 2023

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្នើសុំសម្តេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជួយអន្តរាគមន៍ទប់ស្កាត់ការនាំចេញជ័រកៅស៊ូនិងឈើកៅស៊ូមិនទាន់កែច្នៃទៅបរទេស។ លិខិតរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ ដោយឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីវិធានការទប់ស្កាត់ការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូមិនទាន់កែច្នៃទៅបរទេស។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានចាត់មន្ត្រីជំនាញចុះពិនិត្យសិក្សាស្រាវជ្រាវអំពីសកម្មភាព អនាធិបតេយ្យរបស់ឈ្មួញដើរប្រមូលទិញជ័រកៅស៊ូ និងឈើកៅស៊ូមិនទាន់កែច្នៃ ដើម្បីនាំចេញទៅបរទេស ដែល ផ្ទុយនឹងស្មារតីសារាចរណែនាំលេខ១០ សរណន ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៣ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលហាមឃាត់ដាច់ខាតមិនអនុញ្ញាតឱ្យមានការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូមិនទាន់កែច្នៃទៅបរទេសឡើយ។ ទន្ទឹមនឹងនេះ ការចរាចរនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូមិនទាន់កែច្នៃទៅបរទេសនៅតែបន្តមានជាហូរហែ ដែលធ្វើឱ្យ សមាគមកៅស៊ូ រោងចក្រ និងសិប្បកម្មកែច្នៃកៅស៊ូក្នុងស្រុក ខ្វះវត្ថុធាតុដើមសម្រាប់កែច្នៃ ប្រឈមនឹងការបិទទ្វារ ព្រមទាំងបាត់បង់ចំណូលពន្ធរដ្ឋពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ និងបាត់បង់ការងាររបស់ប្រជាពលរដ្ឋផងដែរ។ ចំពោះមុខ ដើម្បីទប់ស្កាត់ការនាំចេញជ័រកៅស៊ូ និងលើកៅស៊ូមិនទាន់កែច្នៃទៅបរទេស ក្នុងគោលបំណង ជួយដល់សមាគមកៅស៊ូ រោងចក្រ និងសិប្បកម្មកែច្នៃកៅស៊ូក្នុងស្រុក ព្រមទាំងបង្កើតការងារដល់ប្រជាពលរដ្ឋ និង បង្កើនចំណូលដល់ថវិកាជាតិ និងពង្រឹងការអនុវត្តខ្លឹមសារសារាចរណែនាំលេខ១០ សរណន ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៣ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីវិធានការទប់ស្កាត់ ការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូមិនទាន់កែច្នៃទៅបរទេស ឱ្យបានម៉ឺងម៉ាត់ និងមានប្រសិទ្ធភាពខ្ពស់។