ប៉ះពាល់ខ្លាំង! អរិយធម៌ វប្បធម៌ជាតិ និងតម្លៃស្រ្តីខ្មែរ

  • កញ្ញា 29, 2022

យោងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកិច្ចការនារី បានឱ្យដឹងថា ដោយសារមានការព្រួយបារម្ភនៃការផ្សព្វផ្សាយតាមបណ្តាញសារព័ត៌មាននិងបណ្តាញសង្គម ដែលបង្ហាញឈុតឆាក សម្លៀកបំពាក់ មិនសមរម្យ ដែលតួបង្ហាញស្ត្រីខ្មែរមួយចំនួនតូច ក្នុងកម្មវិធីប្រកួតប្រជែងបវរកញ្ញា ក្នុងរូបភាពស៊ិចស៊ីជ្រុលហួសហេតុ បង្ហាញលក្ខណៈស្រើបស្រាលលេចលើលេចក្រោម ធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់កិតិយស សេចក្តីថ្លៃថ្នូរ និងតម្លៃរបស់ខ្មែរ ព្រមទាំងបង្ហាញនូវគំរូមិនល្អ សម្រាប់យុវជន យុវតី កុមារា កុមារី ជំនាន់ក្រោយ ដែលជាទំពាំងស្នងឬស្សី និងជាសសរទ្រូងរបស់ប្រទេសជាតិ ដែលអាចយល់ច្រឡំលើទំនៀមទម្លាប់សម្លៀកបំពាក់ខ្មែរ។

នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកិច្ចការនារីបានសំដែងការសោកស្តាយ និងថ្កោលទោសយ៉ាងធ្ងន់ធ្ងរ ចំពោះសកម្មភាពនេះ ដែលមិនត្រឹមតែពុំបានរួមចំណែកលើកស្ទួយវប្បធម៌ ប្រពៃណី និងអត្តសញ្ញាណជាតិប៉ុណ្ណោះទេ ផ្ទុយទៅវិញទង្វើទាំងនោះ បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស សេចក្តីថ្លៃថ្នូរ និងតម្លៃរបស់ស្រ្តីខ្មែរ។ ក្រសួងកិច្ចការនារីអំពាវនាវដល់អ្នករៀបចំកម្មវិធី សូមរក្សាសេចក្តីថ្លៃថ្នូររបស់ជាតិខ្មែរ និងមិនគួររៀបចំកម្មវិធីទាំងឡាយណា ដែលប៉ះពាល់ដល់អរិយធម៌ វប្បធម៌ជាតិ និងតម្លៃស្រ្តីខ្មែរ តាមគ្រប់រូបភាព។